បុរសម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីបានចាក់ថ្នាំមួយម្ជុលនិងដាក់សេរ៉ូម ពីរប្លោក នៅមន្ទីរពេទ្យឯកជន ឈ្មោះមន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល
ភ្នំពេញ៖បុរសម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីបានចាក់ថ្នាំមួយម្ជុលនិងដាក់សេរ៉ូម ពីរប្លោក នៅមន្ទីរពេទ្យឯកជន ឈ្មោះមន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល ដែលមានទីតាំងស្ថិតនៅ ផ្លូវ ៣៦១ ផ្ទះលេខ៥១០ ភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ 2023 ។
បើតាមប្រភពព័ត៌មាន ពីសាច់ញាតិជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានយើងថា ជនរងគ្រោះមានឈ្មោះ ទុំ ទីន ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលនៅរាជធានីភ្នំពេញ មានមុខរបរជាចុងភៅ ។
ប្រភពបានអះអាងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានអាការៈចុកពោះ ហើយគាត់ក៏បានយកទឹកកកមកស្អំពោះ។តែមិនបាត់ចុកនោះទេ បន្ទាប់មកគាត់ក៏ឱ្យហូបថ្នាំក្រពះ ហើយក៏នៅតែមិនបាត់ចុកទៀត ទើបគាត់ជូនរងគ្រោះទៅកាន់មន្ទីរពេទ្យឯកជនដែលមានឈ្មោះថា មន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល។
ប្រភពបន្ថែមទៀតថា ពេលទៅដល់គ្លីនីក ពេទ្យក៏បានស្ទង់បេះដូង វាស់ឈាម និងបានដាក់សេរ៉ូមតូចចំនួន ១ ប្លោក ពេលអស់មួយប្លោក ក៏ដាក់មួយប្លោកធំទៀតរួ ចចាក់ថ្នាំមួយម្ជុល។បន្ទាប់មកទៀត សាច់ញាតិជនរងគ្រោះក៏បានប្រាប់ទៅជនរងគ្រោះថា ៉ ទីនឯងនៅហ្នឹងសិនហើយ ខ្ញុំទៅផ្លាស់ខោអាវមួយភ្លែត ៉ហើយជនរងគ្រោះក៏បានឆ្លើយទាំងអាការៈធម្មតាថា ៉បាទមិនអីទេទៅៗ ៉ សាច់ញាតិជនរងគ្រោះក៏បានបន្តទៀតថា ក្រោយពីងូតទឹកផ្លាស់ប្ដូរសំលៀកបំពាក់រួចរាល់គាត់ក៏ជិះម៉ូតូទៅទិញបបរឲ្យជនរងគ្រោះ ស្រាប់តែខាងមន្ទីរពេទ្យ បានខលប្រាប់ថា ៉បងឯងមកមើលមិត្តភក្តិ ព្រោះគាត់លែងដឹងអីហើយ ៉។
ក្រោយពីបានឮគ្រូពេទ្យប្រាប់បែបនេះ បងស្រីខាងលើ ញ័រដៃញ័រជើង មិននឹកស្មានថា ដល់ពេទ្យហើយ ហេតុអីក៏រឹតតែអាការៈធ្ងន់បែបហ្នឹងទៅវិញ? បើមុនហ្នឹងនៅនិយាយធម្មតាសោះ។
បងស្រីខាងលើ ក៏ប្រញាប់ប្រញ៉ាល់មកមន្ទីរពេទ្យវិញ ពេល មកដល់ឃើញជនរងគ្រោះមានអាការៈធ្ងន់ធ្ងរស្លើរភ្នែកប្រកាច់កន្ត្រាក់ដៃជើងស្លឈាមត្រដរខ្យល់។ ឃើញអាការៈមិនស្រួលបែបនេះ ខាងមន្ទីរពេទ្យក៏បានបញ្ជូនជនរងគ្រោះតាមរថយន្តសង្រ្គោះបន្ទាន់ មកមន្ទីររដ្ឋ នៅតាមផ្លូវបងស្រីខាងលើ បានប្រាប់គ្រូពេទ្យថា ៉ បើជនរងគ្រោះមានអាការៈធ្ងន់ធ្ងរប្រកាច់ស្លើភ្នែកយ៉ាងហ្នឹងហេតុអីមិនដាក់អុកស៊ីសែនឲ្យគាត់បន្តិចទៅ ៉ តែគ្រូពេទ្យបែរជាឆ្លើយថា ៉ដាក់អុកស៊ីសែនអី អុកស៊ីសែនដាច់នេះដាច់នោះមិនអាចដាក់បានទេ ៉ហើយក៍បញ្ជូនជនរងគ្រោះទាំងត្រដរខ្យល់ ទាំងគ្មានអុកស៊ីសែនដាក់ក្នុងឡានសង្គ្រោះ ពេលទៅដល់មន្ទីរពេទ្យររដ្ឋ ខាងមន្ទីរពេទ្យក៏បានពិនិត្យ រួចប្រាប់ មកវិញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។
ខាងមន្ទីរពេទ្យរដ្ឋ ក៏បានប្រគល់សពមក ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គ្រួសារជនរងគ្រោះបានបញ្ជាក់ថា រហូតទល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយអ្វីទាំងអស់ ខាងមន្ទីរពេទ្យសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល បានត្រឹមឆ្លើយត្រឹមថា ៉សូមចូលរួមសោកស្ដាយផង ៉។ រីឯភាគីខាងជនរងគ្រោះ បានត្រឹមយំសោកបោកខ្លួនស្ដាយស្រណោះ និងសូមឲ្យស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារគាត់ផង។
យ៉ាងណាអ្នកសារព័ត៌មានយើង បានព្យាយាមសុំការបកស្រាយពីម្ចាស់គ្លីនីកមន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល
តាមលេខទូរស័ព្ទ តែអ្នកទទួលបានត្រឹមឆ្លើយថា ៉សុំទោស កំពុងរវល់ ៉ ។ តែយ៉ាងណាមិញ ក្រុមការងារយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីម្ចាស់គ្លីនិកមន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គលដោយក្តីរីករាយ។
ក្រុមការងារព័ត៌មានយើង មិនទាន់អាចសុំការស្រាយបំភ្លឺពី ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានទេ ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់ចំពោះករណីគ្លីនីកមន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល ចាក់ថ្នាំនិងដាក់សឺរ៉ូម ជនរងគ្រោះស្លាប់បាត់បង់ជីវិត៕