ប្រធានការិយាល័យភូមិបាលស្រុកពញាឮ ខេត្តកណ្តាល ស្នើសុំកែតម្រូវខ្លឹមសារនៃការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុក ស្តីពីការចាក់ដីលយចូលទន្លេ និងសាងសង់ភូមិគ្រឹះស្កឹមស្កែ ព្រមទាំងសង់ផ្ទះលំហែរ
ចេញផ្សាយថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣
ខេត្តកណ្តាល ៖ បណ្តាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយអត្ថបទមានចំណងជើងថា «ប្រធានការិយាល័យភូមិបាលស្រុកពញាឮ លោក ហ៊ាង គង់ផេង កំពុងប្រើអំណាចខ្លួនចាក់ដីលប់ទន្លេ សាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃ និងផ្ទះលំហែរយកធ្វើជាកម្មសិទ្ធិបុគ្គល» ស្ថិតនៅភូមិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ក្រោយពីមានការចុះផ្សាយរយ:ពេលពីរថ្ងៃរួចមក អង្គភាពយើងខ្ញុំបានទទួលការបំភ្លឺ បកស្រាយពីសំណាក់លោក ហ៊ាង គង់ផែង ប្រធានការិយាល័យភូមិបាលស្រុកពញាឮ ប្រកបដោយស្និតស្នាល ទន់ភ្លន់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
ខ្ញុំបាទបាទទិញដី និងផ្ទះពីប្រជាពលរដ្ឋកាលអំឡុងឆ្នាំ ២០១៩ ជាប្រភេទផ្ទះល្វែង មិនមែនជាភូមិគ្រឹះនោះទេ ផ្ទះនេះម្ចាស់ដើមបានសាងសង់តាំងពីឆ្នាំ២០០៦មកម៉្លេះ ម្ចាស់ផ្ទះចាស់ខាងលើគាត់ប្រកបរបរធ្វើត្រីប្រហុកលក់ ដោយមានឡត្រីប្រហុកចំនួនពីរកន្លែងនៅសងខាងផ្ទះ ។
ក្រោយពីបានទិញដី និងផ្ទះខាងលើរួចមក ខ្ញុំបាទបានចាត់ចែងចាក់ដីលប់បំពេញរណ្តៅដី និងធ្វើកាំជណ្តើរបីបួនកាំការពារការបាក់ដីពេលទឹកទន្លេជន់លិចឡើងតែប៉ុណ្ណោះ ។ ចំពោះរដូវប្រាំង ច្រាំងទន្លេនៅឆ្ងាយពីផ្ទះប្រមាណ៣០ម៉ែត្រឯណោះ គឺខ្ញុំបាទមិនបានរំលោភបំពានយកច្រាំងទន្លេមកធ្វើជាកម្មសិទ្ធិខុសទៅនឹងច្បាប់ភូមិបាលនោះឡើយ ។
អាស្រ័យដូចបានរៀបរាប់ជម្រាបជូនខាងលើ ខ្ញុំបាទស្នើសុំអង្គភាពសារព័ត៌មានមេត្តាកែតម្រូវជូនមហាជន និងថ្នាក់ដឹកនាំបានជ្រាបច្បាស់ ជៀសវាងការយល់ច្រឡំថា ខ្ញុំបាទបានបំពានយកដីច្រាំងទន្លេមកធ្វើជាកម្មសិទ្ធិ ជាក់ស្តែងច្រាំងទន្លេមានចម្ងាយពីទីផ្ទះខ្ញុំបាទប្រមាណ៣០ម៉ែត្រឯណោះ លុះដល់រដូវវស្សាទើបទឹកឡើងជន់លិចមកកៀកកិតផ្ទះ ។
ដោយឃើញរូបភាពផ្ទះនៅកៀកកិតនឹងច្រាំងទន្លេ ទើបអង្គភាពសារព័ត៌មានបានផ្តិតយករូបភាពមកចុះផ្សាយក្នុងន័យការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ( ដីច្រាំងទន្លេ ) ការពារកុំឲ្យមានអ្នករំលោភបំពានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ ក្រោយពីទទួលបានការបកស្រាយបំភ្លឺយ៉ាងច្បាស់លាស់ពីសំណាក់លោក ហ៊ាង គង់ផេង ប្រធានការិយាល័យភូមិបាលស្រុកពញាឮ ខេត្តកណ្តាលមកកាន់អង្គភាពសារព័ត៌មានប្រកបដោយភាពស្និទ្ធស្នាល រាក់ទាក់រួចមក អង្គភាពសារព័ត៌មានយើងបានចុះផ្សាយកែតម្រូវតាមការបំភ្លឺ និងសំណូមពររបស់លោក ស្របតាមច្បាប់ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ៕