ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាន ជនដៃដល់ឈ្មោះ ម៉ែន សំអាង អាយុ៣៦ឆ្នាំ ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សូមបញ្ជាក់ថា ជនសង្ស័យជាឃាតករ ឈ្មោះម៉ែន សំអាង បានយកកាំបិតប៉័ងតោ អារកសម្លាប់ប្រពន្ធ និងកូនស្រីអាយុ ២ខួប ដែលកំពុងដេកលើគ្រែ រួចថែមទាំងកាត់ក្បាលប្រពន្ធនិងកូនស្រី ដាច់ចេញពីខ្លួន ទាំង២នាក់ម្តាយកូន រួចហើយបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍ឃាតកម្មដ៏សាហាវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ៦និង១៥នាទី ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ (វីឡាតឿ) ស្ថិតក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះ ២នាក់ម្តាយនិងកូនស្រី ដែលត្រូវជនសង្ស័យជាប្តីនិងឪពុក អារកសម្លាប់កាត់ក្បាលនោះ ស្ត្រីជាម្តាយ មានឈ្មោះ ឃឿន ស្រីវរលក្ខណ៍ អាយុ៣០ឆ្នាំ និងកូនស្រី ឈ្មោះអឿន ចន្ទសីម៉ា អាយុ២ខួប ។ ចំណែកជនសង្ស័យជាឃាតករ មានឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ (រត់គេចខ្លួន) ។ ប្តីប្រពន្ធនេះ បានរៀបការនៅឆ្នាំ ២០១១ មានកូនចំនួន ៣នាក់ (ប្រុស២ ស្រី១) ក្នុងបន្ទុកគ្រួសារ (ក្មេងស្រីរងគ្រោះជាកូនពៅ)។
តាមប្រភពសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះម៉ែន សំអាង តែងតែប្រចណ្ឌប្រពន្ធ បណ្តាលឲ្យឈ្លោះគ្នាជាញឹកញាប់ ហើយមុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ឃែតុលា ឆ្នាំ២០២៣ ជនសង្ស័យជាប្តី និងស្រ្តីរងគ្រោះជាប្រពន្ធ បាននាំគ្នាទៅសាលាឃុំ ដោយស្ត្រីជាប្រពន្ធសុំលែងលះ ហើយនៅថ្ងៃនោះ ជនសង្ស័យបានគំរាមស្ត្រីរងគ្រោះជាប្រពន្ធថា បើលែងគ្នា គេនឹងសម្លាប់នាងជាប្រពន្ធចោល។ លុះព្រឹកស្អែក ស្រាប់តែកើតរឿងដូចការគំរាមរបស់ជនសង្ស័យជាប្តីមែន ដោយជនសង្ស័យបានយកកាំបិតបុង័តោ អារកសម្លាប់ប្រពន្ធនិងកូនស្រី អាយុ២ខួប ដែលកំពុងដេកលើគ្រែ បណ្តាលឲ្យស្លាប់ទាំងពីនាក់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ហើយជនសង្ស័យជាឃាតករដ៏សាហាវឃោរឃៅនេះ ថែមទាំងកាត់ក្បាលប្រពន្ធនិងកូនស្រី ដាច់ចេញពីខ្លួនទៀតផង។ បន្ទាប់មក ជនសង្ស័យ បានទុកកាំបិតប៉័ងតោ នៅជាប់កស្ត្រីរងគ្រោះជាប្រពន្ធ ហើយរត់គេចខ្លួនទៅដល់ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ។
ជនដៃដល់ត្រូវចាប់ខ្លួនបាននៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាន អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង។
បច្ចុប្បន្នជនដៃដល់កម្លាំងជំនាញកំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីត្រៀមបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្ដតាមនីតិវិធី៕