តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ដល់ នឹងចុះត្រជាក់ដល់១៥អង្សាសេ នៅពេលព្រឹក ចាប់ពីថ្ងៃទី២១-២៤ ធ្នូ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន ធាតុអាកាសនៅពេលព្រឹក នឹងចុះត្រជាក់ដល់ ១៥-១៦អង្សាសេ (°C) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី១៨ ធ្នូ ២០២៣នេះ បានអោយដឹងថា តាមការតាមដានស្ថានភាពធាតុអាកាសបង្ហាញឲ្យឃើញថា ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនឹងចុះត្រជាក់ ដោយក្នុងនោះសីតុណ្ហភាពអប្បបរមា នៅពេលព្រឹក ៖
ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាពី ១៥-១៦°C
ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែងសីតុណ្ហភាពអប្បបរមាពី ១៧-១៩°C
នៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣°C
នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ។
ជាមួយគ្នានោះដែរ ក្រសួងធនធានទឹក សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ ៕