បែងមាន់ជល់ទូរទស្សន៍អនឡាញបៀការ៉ាត់និងឡូតូកំពុងបើកវគ្គបណ្តុះបណ្តាលសិស្សសាលានិងពលរដ្ឋចូលលេងយ៉ាងគក្រឹកគគ្រេង កក្រើកក្នុងក្រុងខេត្តកំពុងចាម
ថ្ងៃចេញផ្សាយៈ ខែ ធ្នូ 23, 2023
កំពុងចាម៖ផ្សាយចេញថ្ងៃទី២3.១២.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ស្ថិតនៅលើផ្លូវ៧Aក្រុងកំពុងចាមផ្ទះទល់មុខក្រុមហ៊ុនតូយូតានិងហាងនំបុ័ងកំពុងបើកវគ្គបណ្តុះបណ្តាលសិស្សសាលានិងពលរដ្ឋក្នុងមូលដ្ឋានដោយគ្មានខ្លាចញញើតអជ្ញាធរ និងច្បាប់នោះឡើយ។
ពលរដ្ឋនៅក្នុងក្រុងកំពុងចាមមានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបទីតាំងល្បែងសុីសងខាងលើនៅតែបន្តទុកអោយធ្វើព្យុះធ្វើភ្លៀងក្នុងក្រុងកំពុងចាមតើម្ចាស់ទីតាំងល្បែងនេះជាអ្នកណា អោយប្រាកដបានជាមានឥទ្ធិពលលើសមត្ថកិច្ចយ៉ាងដូច្នេះ ឬក៏អាជ្ញាធរនៅក្នុងមូលដ្ឋានបានសើមមាត់សើមក នឹងសំណែនរបស់មេល្បែងខាងលើហើយបានជាបើកភ្លើងខៀវ មិនមានចំណាត់ការបង្ក្រាបទាល់តែសោះ។
ពលរដ្ឋសំណូមពរស្នើសុំលោក ឧត្តមសេនីយ៍ត្រី ហេងវុទ្ធី ស្នងការនគរបាលខេត្តកំពុងចាម មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងខេត្តកំពុងចាមជាពិសេសនៅក្នុងក្រុងកំពុងចាមក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានជាពិសេសគឺបណ្តាលអោយខូចអណាគត់ក្មេងសិស្សសាលាអស់ហើយទាន!។
ពលរដ្ឋក៏សូមសំណូមពរទៅដល់ឯកឧត្តម អ៊ុនចាន់ដាអភិបាលនៃគណអភិបាលខេត្តកំពុងចាម គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខេត្ត ក្រុង ចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងខេត្តកំពុងចាម ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួច–ចោរឆក់–ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។
សូមបញ្ជាក់អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន សូមអរគុណ។