អ្នកគាំទ្រ និង ប្រើប្រាស់ បណ្ដាញ សង្គម ហ្វេស ប៊ុក មាន ការ ភ្ញាក់ផ្អើល គ្រប់គ្នា ខណៈ តារា សម្តែង ប្រុស លោក លី ណូរ៉ា ចេញ មក បញ្ជាក់ ថា ពេលនេះ លោក បាន រង ភាព អយុត្តិធម៌ ត្រូវ ស្ត្រី ម្នាក់ ប្ដឹង ពី បទ ឆបោក លុយ ប្រមាណ ចំនួន ៣ ម៉ឺន ដុល្លារ។តារា ប្រុស លោក លី ណូរ៉ា បាន លើក ឡើង តាមរយៈ បណ្ដាញ សង្គម ហ្វេស ប៊ុក ផ្ទាល់ខ្លួន ភ្ជាប់ ជាមួយ ពាក្យបណ្ដឹង ព្រមទាំង ដីកា កោះហៅ ជា លើក ទី ៣ ដូច្នេះ ថា «ខ្ញុំ សុំ ពឹង បងប្អូន ទាំងអស់ គ្នា ជួយ ស៊ែរ ខ្ញុំ ម្នាក់ មួយ ផង ខ្ញុំ រង ភាព អយុត្តិធម៌ ត្រូវ បាន គេ ប្ដឹង ខ្ញុំ មិន បាន ដឹង អ្វី ទេ ខ្ញុំ មិន ដែល ស្គាល់ អ្នកប្ដឹង ទេ ខ្ញុំ មិន ដែល ឆបោក ឬ ក្លែងបន្លំ ឯកសារ ក្លែងក្លាយ អ្វី ទេ»។
លោក លី ណូរ៉ា បាន និយាយ បន្ត ថា «សូម ពុក ម៉ែ បង ប្អូន ទាំងអស់ គ្នា និង ថ្នាក់ ដឹកនាំ ច្បាប់ ជួយ ដឹងឮ និង ជួយ រក យុត្តិធម៌ ឲ្យ ខ្ញុំ ផង។ សូម បងស្រី ឈ្មោះ លឹម ចន្ធី មក ដោះស្រាយ ជាមួយ ប្អូន ប្អូន មិន បាន ដឹង អ្វី ទេ បង បង ប្ដឹង ប្អូន ខុស ហើយ។ សូម បងៗ សារព័ត៌មាន ជួយ ផ្សព្វផ្សាយ ផង និង ពុក ម៉ែ បងប្អូន ជួយ ស៊ែរ ខ្ញុំ ម្នាក់ មួយ ផង ឲ្យ បាន ដឹង ដល់ បងស្រី លឹម ចន្ធី មក ដោះស្រាយ»។បន្ថែម ពី លើ នេះ លោក លី ណូរ៉ា បាន និយាយ ទៀត ថា លោក ត្រូវ បាន ស្ត្រី អាណិកជន ខ្មែរ នៅ អូស្ត្រាលី ដាក់ ពាក្យ បណ្ដឹង ក្រោយ ពេល ស្ត្រី រូប នោះ ចាញ់បោក ជន អនាមិក ដែល ក្លែងបន្លំ ដោយ យក រូបថត របស់ លោក ទៅ បង្កើត Account Facebook ក្លែងក្លាយ និង ខ្ចី លុយ អស់ ប្រមាណ ៣ ម៉ឺន ដុល្លារ។ ប៉ុន្តែ បន្ទាប់ មក ក៏ ទាក់ទង លែង បាន ជាមួយ ជន អនាមិក រូប នោះ ស្រាប់តែ ស្ត្រី ខាង លើ បែរជា មក ប្ដឹង រូបលោក ទៅវិញ។
លោក លី ណូរ៉ា បញ្ជាក់ ដែរ ថា គិត មកដល់ពេលនេះ ខាង តុលាការ ចេញ ដីកា កោះហៅ លោក ជា លើក ទី ៣ ទើប ធ្វើ ឲ្យ លោក ស្រឡាំងកាំង និង ភ្ញាក់ផ្អើល ជា ខ្លាំង។ លោក អះអាង ថា លោក ក៏ ជា ជន រងគ្រោះ ដូចគ្នា ខណៈ ស្ត្រី អាណិកជន ក៏ ជា ជនរងគ្រោះ ដូចគ្នា។ អ្វី ដែល លោក ចង់ បញ្ជាក់ ទៀត នោះ គឺ រូប លោក ផ្ទាល់ មិន បាន ដឹង ពី ការ បង្កើត ហ្វេស ប៊ុក ក្លែងក្លាយ ណាមួយ ឡើយ។ ដូច្នេះ លោក សង្ឃឹម ថា ខាង តុលាការ និង ស្ថាប័ន ពាក់ព័ន្ធ នឹង ផ្ដល់ យុត្តិធម៌ ចំពោះ រូបលោក ចំពោះ ករណី នេះ ផង ដែរ៕