ក្រុមគ្រួសារ ជនរងគ្រោះ ស្នើសុំឱ្យសមត្ថកិច្ច ស្រុកអង្គស្នួល អញ្ជើញឲ្យជនបង្កពិតប្រាកដមកចូលខ្លួនដោះស្រាយ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ២នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍ កាលយប់ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បណ្តាលឲ្យយុវជនពីរនាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ត្រង់ចំណុចផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតមកទល់ពេលនេះ ជនបង្កដែលជាអ្នកបើករថយន្ត នៅតែបន្តគេចខ្លួន ដោយចាត់តែតំណាងឈ្មោះ ឃឹម សុខា ឲ្យមកដោះស្រាយជំនួស ដោយឲ្យសងសំណងជំងឺចិត្ត ទៅកាន់ក្រុមគ្រួសារជនរងគ្រោះនៅមុខសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល។

ករណីនេះក្រុមគ្រួសារជនរងគ្រោះ មិនអាចទទួលយកនូវការលើកឡើងអំពីសំណងជំងឺចិត្ត ពីសំណាក់អ្នកតំណាងម្ចាស់រថយន្តបង្កហេតុបាននោះទេ! ដោយក្រុមគ្រួសារជនរងគ្រោះស្នើសុំឱ្យសមត្ថកិច្ច កោះហៅអញ្ជើញឲ្យម្ចាស់រថយន្តបើកបរនិងជាអ្នកបង្កហេតុពិតប្រាកដ ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

សូមជម្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួល នៃស្នងការនគរបាលខេត្តកណ្តាល បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងស្រាវជ្រាវ និងដោះស្រាយទៅតាមផ្លូវច្បាប់ដោយមិនប្រងើយកន្តើយនោះទេ។

ក្រុមគ្រួសារជនរងគ្រោះ នៅតែមានសង្ឃឹមយ៉ាងមុតមាំនិងជឿជាក់ទៅលើសមត្ថកិច្ចក្នុងការផ្តល់យុត្តិធម៌ជូនដល់ពួកគាត់ដែលជាគ្រួសារជនរងគ្រោះ ទាំងពីរនាក់ ដែលបានបាត់បង់ជីវិតក្នុងការជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៕

ព័ត៌មានដែលជាប់ទាក់ទង