នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈ កម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ ស២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ អាណាព្យាបាល និងនិស្សិតអាហារូបករណ៍ ចំនួន១២២នាក់ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ ឆ្នាំ២០២៤-២០២៥ នៅសាលចតុម្មុងមង្គល ទីស្តីការក្រសួងព័ត៌មាន។
នៅក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះដែរ ត្រូវបានរៀបចំឡើងដើម្បីជួបគ្នាជូនដំណើរដល់និស្សិតក្នុងការបន្តការសិក្សាប្រកបដោយក្តីសង្ឃឹម និងអនាគតសម្រាប់គ្រួសារ និងសង្គមជាតិ ក៏ដូចជាការផ្តាំផ្ញើ និងណែនាំដល់ជ័យលាភី ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ប្រកាន់ភ្ជាប់សីលធម៌ វិន័យ គុណធម៌ និងសាមគ្គីភាព។
តាមរបាយការណ៍របស់ នាយលេខាធិការដ្ឋាន កម្មវិធីអាហារូបករណ៍ ដែលសាកលវិទ្យាល័យផ្តល់ជូននិស្សិតកម្ពុជា តាមរយៈសម្ពន្ធយុវជនអាហារូបករណ៍ស២ ត្រូវបានចាប់ផ្តើមឡើងដំបូងនៅឆ្នាំ២០១៩ ហើយគិតត្រឹមឆ្នាំ២០២៣ និស្សិតកម្ពុជាចំនួន២៤២ នាក់ បានទទួលអាហារូបករណ៍ និងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ ដែលនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់សម្ពន្ធយុវជនអាហារូបករណ៍ស២ ដោយមានកិច្ចសហការ និងសម្របសម្រួល យ៉ាងល្អពីសាកលវិទ្យាល័យ។ ក្រៅពីកម្មវិធីអាហារូបករណ៍នៅប្រទេសថៃ សម្ពន្ធយុវជនអាហា- រូបករណ៍ស២ បាននិងកំពុងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងក្នុង និងក្រៅប្រទេស សំដៅបង្កើនចំនួនអាហារូបករណ៍ជូនសិស្សិ-និស្សិតកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែបបន្ថែមទៀត ក្នុងការចូលរួមអនុវត្តស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
វិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកជាវិស័យមានអាទិភាពខ្ពស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យមានចំណេះដឹង មានសមត្ថភាព ច្នៃប្រឌិត ក្រមសីលធម៌ល្អ សំដៅរួមចំណែក ជួយបង្កើតនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹង ភាពប្រកួតប្រជែង និងការលើកកំពូលលទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ស្របជាមួយនេះ រាជរដ្ឋាភិបាល បានចាប់ផ្ដើមអភិវឌ្ឍ នៅគោលនយោបាយសំខាន់ៗ ដោយផ្ដោតលើការពង្រឹងគុណភាព វិស័យអប់រំកីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ពង្រឹងគុណភាព សាលារបស់រដ្ឋ ចាប់តាំងពីមត្តេយ្យសិក្សា ដើម្បីបង្កើនប្រសិទ្ធភាព គុណភាពស្របតាម យុគ្គសម័យបច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានធ្វើការអំពាវនាវចំពោះឪពុកម្តាយ អាណាព្យាបាល និងនិស្សិតទាំងអស់ចូលរួមគាំទ្រយ៉ាងពេញទំហឹង និងប្រកបដោយក្តីមោទនៈក្រៃលែងចំពោះ “គម្រោងព្រែកជីកហ្វូណនតេជោ” ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិត កសាងឡើងក្នុង នីតិកាលទី៦កន្លងទៅ ហើយដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជំរុញយ៉ាងក្លៀវក្លា និងមោះមុត អនុវត្តឱ្យសម្រេចបាននាពេលខាងមុខ។
គួររំលេចផងដែរថា និស្សិតម្នាក់គឺតំណាងឱ្យជាតិកម្ពុជា នៅពេលចេញទៅបន្តការសិក្សានៅក្រៅប្រទេសព្រោះថានិស្សិតបាននាំយកទៅជាមួយ អត្តសញ្ញាណជាតិ រួមជាមួយប្រពៃណី ទំនៀបទម្លាប់ជាតិខ្មែរ ឱ្យជនបរទេសបានដឹងបានស្គាល់ការពិតពីកម្ពុជាកាន់តែច្បាស់បន្ថែមទៀត។ ក្រៅពីការទទួលបានចំណេះដឹង ជំនាញពីក្រៅប្រទេស តែនិស្សិតខ្មែរទាំងអស់ ជាអ្នកផ្សព្វផ្សាយនូវវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ សាសនា និងសមិទ្ធិផលជាក់ស្តែងដែលកើតមានឡើងនៅប្រទេសរបស់ខ្លួនឱ្យជាតិសាសន៍ដ៏ទៃទៀតបានដឹង។
នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់លើមូលធនមនុស្ស ដោយធ្វើការកែទម្រង់រដ្ឋបាលសាធារណៈពង្រឹងប្រសិទ្ធិភាពស្ថាប័ន ការជ្រើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ យកមកបំពេញកិច្ចការងារ និងមានប្រពន្ធ័លើកទឹកចិត្តដល់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព ចំណេះដឹង ជំនាញ និងប្រសិទ្ធផលការងារខ្ពស់។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជ័យលាភីអាហាររូបករណ៍ ទាំងអស់នឹងត្រូវត្រលប់មកបម្រើជាតិមាតុភូមិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជាស្របតាមយុទ្ធសាស្រ្តបច្ចកោណ និងសក្តានុពលជំនាញរៀងៗខ្លួន។