ខេត្តបាត់ដំបង ៖ បុរសវ័យពាក់កណ្ដាលជីវិតម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២២ កញ្ញា នៅចំណុចអូរតាមៀវ ស្ថិតក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងប្ញស្សី ក្រោយពីលួចយកម៉ូតូសិស្សសាលា ហើយព្យាយាមជិះគេចខ្លួន។
មន្ត្រីកងរាជអាវុធហត្បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះ ហែម សុភា អាយុ៥០ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុង និង ខេត្តកំពង់ចាម ។ ជននេះ បានលួចយកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ 1AC.0114 របស់ជនរងគ្រោះឈ្មោះ សុត រិទ្ធីសែន ហៅ ចាស់ ប្រុសអាយុ១៨ឆ្នាំ ជាយុវសិស្ស រស់នៅភូមិដូង ឃុំមោង ស្រុកមោងប្ញស្សី ។
បើតាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យម្នាក់នេះបានលួចយកម៉ូតូ ហើយបានព្យាយាមជិះគេចខ្លួនមកដល់ចំណុចអូរតាមៀវខាងលើ ក៏ត្រូវសមត្ថកិច្ចតាមក្របួចជាប់ ហើយដកហូតម៉ូតូបានមកវិញចំនួន០២គ្រឿង ដែលមួយគ្រឿងម៉ាកហុងដាឌ្រីម ជារបស់ជនរងគ្រោះនិងមួយគ្រឿងទៀតម៉ាកវីវ៉ាជារបស់ជនសង្ស័យ សម្រាប់ជិះធ្វើសកម្មភាព ។
បើតាមមន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ម៉ូតូដែលដកហូតបានពីជនសង្ស័យ គឺ មួយគ្រឿងបានប្រគល់ជួនម្ចាស់ដើមវិញ រីឯមួយគ្រឿងទៀតត្រូវបានដកហូត និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ។ ពាក់ព័ន្ធនឹងអំពើចោរកម្មលួចម៉ូតូនេះ បើតាមរបាយការណ៍របស់សមត្ថកិច្ច និងពីប្រភពនានាបានឲ្យដឹងថា បច្ចុប្បន្ន ក្រុមចោរហាក់កំពុងបង្កើនសកម្មភាពយ៉ាងខ្លាំង ក្នុងការធ្វើសកម្មភាពកាច់សោរលួចម៉ូតូ មិនថា នៅទីប្រជុំជន ឬ តំបន់ជនបទឆ្ងាយដាច់ស្រយ៉ាលនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រឈមយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាន។
កាន់តែព្រួយបារម្ភទ្វេដងទៀត អំពីបញ្ហាសន្តិសុខនេះ ស្របពេលដែលពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់ ដែលជាឪកាសសម្រាប់ក្រុមជនសង្គមងងិត ដើរធ្វើសកម្មភាពលួច ឆក់ ប្លន់ នៅតាមទីវត្តអារាម។ ដូច្នេះ ប្រជាពលរដ្ឋដែលទៅវត្ត ឬទៅកាន់បិណ្ឌនៅតាមវត្តអារាមនានា គួរតែមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន ឬយានយន្តគ្រប់ប្រភេទ ក្រែងមានការបាត់បង់ដោយយថាហេតុ។ ព្រោះនេះជារដូវបុណ្យភ្ជុំបិណ្ឌ ហើយក៏ជាឱកាសល្អ សម្រាប់ពួកចោរដើរធ្វើសកម្មភាពដែរ ៕