ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ លោក ស៊ឹម ស្រស់ ដែលជាអតីតយុទ្ធជន និងជាយុទ្ធមិត្តរួមអាវុធសម័យសង្គ្រាម។
ជាមួយគ្នានោះដែរលោកមេបញ្ជាការក៏បានជូនថវិកាចំនួន៤៥០០០០៛ (សែសិបម៉ឺនរៀល) ទឹកសុទ្ធ០១កេស ត្រីខ ០១យួរ និងអង្ករ០១ប៉េ ដល់យុទ្ធមិត្តស៊ឹម ស្រស់។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោក ស៊ឹម ស្រស់ យុទ្ធមិត្តទាំងពីរ បានឆ្លងកាត់ក្នុងសម័យសង្គ្រាមកំឡុងឆ្នាំ១៩៨០ជាង ពេលបម្រើការនៅវរសេនាតូចលេខ៨៦ បើកបររថក្រោះ រថពាសដែកពេលនោះបានប្រកៀកស្មាប្រយុទ្ធយ៉ាងអង្គអាចក្លាហាន លោករវសេនីយ៍ឯក ស៊ីម ស្រស់ ធ្លាប់តែកាន់អាវុធចូលប្រយុទ្ធក្នុងសមរភូមិយ៉ាងក្លាហាន តែឥឡូវដៃកាន់ឈើច្រត ដោយសារវ័យជរា និងស្ថានភាពជំងឺប្រចាំកាយ។
លោកមេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ មិនដែរបោះបង់ យុទ្ធមិត្តរូបណានោះទេ លោកតែងតែស្វែងរកដំណឹងអតីតយុទ្ធមិត្តទាំងអស់ដែលធ្លាប់កំសត់កម្រជាមួយគ្នាក្នុងសមរភូមិ និងតែងតែស្កាត់ទៅជួបគ្នា ហើយជារឿយៗតែងតែចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភចំពោះយុទ្ធមិត្តណាដែលមានការខ្វះខាត ជាក់ស្តែងដូចជាអតីតយុទ្ធមិត្ត ស៊ីម ស្រស់ លោកមេបញ្ជាការ បានជួយទំនុកបម្រុង ឲ្យសម្រាកនៅក្នុងអង្គភាព ឲ្យបងប្អូនកងទ័ពយើងជួយមើលថែរក្សា ៕