បើធាក់កង់ឧស្សាហ៍រមួលក្រពើ សូមកុំភ្លេចអាហារទាំងនេះ!

ឧស្សាហ៍រមួលក្រពើពេលជិះកង់ផ្លូវឆ្ងាយមែនទេ? បើមែន សូមកុំភ្លេចគិតដល់អាហារដែលអ្នកគួរទទួលទាន។ ថ្ងៃនេះ អ្នកបានស្គាល់ពីអាហារ ៥ប្រភេទ ដែលជួយដល់អ្នកដែលមានបញ្ហានេះ។

១. ចេក

អ្នកប្រហែលជាដឹងហើយថា ផ្លែចេកគឺជាប្រភេទដ៏ល្អមួយនៃជាតិប៉ូតាស្យូម។ ប៉ុន្តែវាក៏នឹងផ្តល់ឲ្យអ្នកនូវម៉ាញ៉េស្យូម និងកាលស្យូមដែរ។ ជីវជាតិទាំងបីនេះគឺជាតម្រូវការសម្រាប់រាងកាយក្នុងការបំបាត់បញ្ហារមួលក្រពើហើយ។

២. ដំឡូងជ្វា

វាមិនខុសពីផ្លែចេកឡើយ ដំឡូងជ្វាផ្តល់នូវជាតិប៉ូតាស្យូម កាលស្យូម និងម៉ាញ៉េស្យូម។ ដំឡូងប្រភេទនេះនឹងជួយឲ្យអ្នកឆាប់ដោះស្រាយបញ្ហារមួលក្រពើបានដោយសារតែវាមានជាតិកាលស្យូមច្រើនជាងផ្លែចេករហូតដល់ ៦ដងឯណោះ។ ការញ៉ាំដំឡូងជ្វា និងផ្លែល្ពៅទៀងទាត់គឺជាប្រភពដ៏ល្អមួយនៃជីវជាតិទាំងបីនេះ។ ផ្លែល្ពៅក៏មានជាតិទឹកច្រើនដែលអាចជួយអ្នកបង្គ្រប់ជាតិទឹកក្នុងខ្លួនផងដែរ។

៣. ផ្លែឪឡឹក

ផ្លែឪឡឹកមានជាតិទឹកប្រហែល ៩០ភាគរយ ដូច្នេះ នៅពេលអ្នកត្រូវការញ៉ាំអាហារដែលមានជាតិទឹកច្រើន ការញ៉ាំផ្លែឪឡឹកគឺជាជម្រើសដ៏ល្អហើយ។ ក្រៅពីជាតិទឹក ផ្លែឪឡឹកក៏មានជាតិប៉ូតាស្យូមខ្ពស់ដែរ ប៉ុន្តែមិនច្រើនដូចផ្លែឈើខាងលើឡើយ។

៤. ផ្លែប័រ

ផ្លែប័រពណ៌បៃតងមួយនេះមានជាតិប៉ូតាស្យូមប្រហែល ៩៧៥មីលីក្រាម ដែលវាច្រើនជាងដំឡូងជ្វា ឬផ្លែចេករហូតដល់ ២ដងឯណោះ។ ប៉ូតាស្យូមគឺជារបស់ដ៏សំខាន់ដោយសារតែវាជួយសាច់ដុំធ្វើការកាន់តែល្អ និងជួយឱ្យបេះដូងមានសុខភាពល្អ។ ដូច្នេះបើអ្នកឧស្សាហ៍រមួលក្រពើ ចូរកុំភ្លេចឧស្សាហ៍ញ៉ាំផ្លែប័រផង។

៥. ទឹកដោះគោ

វាគឺជាប្រភពធម្មជាតិមួយនៃអេឡិចត្រូលីត្រដូចជា កាលស្យូម ប៉ូតាស្យូម និងសូដ្យូម។ វាគឺជាជម្រើសនៃការបង្រ្គប់ជាតិទឹកដ៏ល្អមួយ។ ហើយវាផ្ទុកទៅដោយជាតិប្រូតេអ៊ីនដែលអាចជួសជុលសាច់ដុំដែលខូចខាតក្រោយពីហាត់ប្រាណរួចបានដែរ។ ដូច្នេះវានឹងជួយការពារភាពរមួលរឹងរបស់សាច់ដុំបាន៕

ព័ត៌មានដែលជាប់ទាក់ទង