ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់ពលរដ្ឋ ចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់ សហគមន៍
(ខេត្តក្រចេះ):ក្នុងអំឡុងចុះពិនិត្យកិច្ចការងារមូលដ្ឋាន ខេត្តក្រចេះនៅចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួម ការពារ និងអភិរក្សសត្វផ្សោតនៅតាមដងទន្លេ មេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូណ៌ បែប នៃទន្លេមេគង្គឱ្យបានគង់វង្ស នឹងផ្តល់ ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋានតាមរយៈ ការលើកកម្ពស់ទេសចរណ៍ធម្មជាតិ បង្កើន ចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានថ្លែងថា សត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់ កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួន ប្រមាណ ១០៥ ក្បាលដែលរស់នៅទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុង ស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍ សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មាន ទេសចរជាតិ និងអន្តរជាតិបានអញ្ជើញទៅ ទស្សនាកម្សាន្ត ដែលផ្តល់នូវការងារនិងចំណូល ជូនដល់សហគមន៍មូលដ្ឋាន។
ខេត្តក្រចេះមានទីតាំងទេសចរណ៍ប្រកប ដោយសក្តានុពលជាច្រើនដូចជាអន្លង់សត្វផ្សោត ព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី រមណីយដ្ឋាន ឆ្នេរខ្សាច់វត្តសសរ១០០ ដែលស្ថិតនៅក្នុង ស្រុកសំបូរ ខេត្តក្រចេះ តំបន់សហគមន៍ ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នា នេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗ ទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡាន ថ្មគ្រែ ក្រូចថ្លុងកោះទ្រង់ ប៉ិកៈនៅស្រុកឆ្លូង និង មុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរ រដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត និង គណៈកម្មការគ្រប់គ្រងរមណីយដ្ឋាននានា និង សហគមន៍ទេសចរណ៍សហគមន៍ដែលបាន ចូលរួមរៀបចំពង្រឹងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវ ឱ្យបានល្អប្រសើរ បម្រើសេវាកម្មជូនភ្ញៀវឱ្យបាន ល្អ រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបាន ត្រឹមត្រូវ រក្សាអនាម័យក្នុង និងជុំវិញអាជីវកម្ម របស់ខ្លួន រក្សាសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព ជូនភ្ញៀវបានល្អ។
ផ្សាយ:ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភព:AKP
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)