ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះពិនិត្យទីតាំងកាបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ ប្រជាកសិករ និងបន្តពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ស្ថិតក្នុងឃុំចំនួន៣ ក្នុងភូមិសាស្ត្រស្រុកស្អាង.

(ខេត្តកណ្តាល): ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត បានដឹកនាំ កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យ ទីតាំងបូមទឹកជួយសង្គ្រោះ ស្រូវប្រាំងរបស់ប្រជាកសិករ និងបន្ត ពិនិត្យស្ថានភាពស្រូវប្រាំង របស់ប្រជាកសិករ ដែលកន្លងមក ប្រឈមក្នុងការខ្វះទឹក ស្រោចស្រព ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំ ព្រែកអំបិល ឃុំ កោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល កាលពីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា៖ បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង របស់បងប្អូនប្រជាកសិករនៅពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំង ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និង ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាពខ្ពស់។

ជាងនេះទៅទៀត ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្តាល និងក្រុមការងារ ក៏បានធ្វើការចុះពិនិត្យ ទីតាំងដាក់ម៉ាស៊ីនបូកទឹកចំនួន០១ ស្ថិតនៅព្រែកប៉ាង ព្រមទាំង ពិនិត្យការកាយស្ដារដើម្បីសម្រួលលំហូរទឹក ចូលដល់ប្រឡាយ របស់ប្រជាកសិករ ស្ថិតនៅឃុំកោះខែល ព្រមទាំងបន្តពិនិត្យទីតាំង ដាក់ម៉ាស៊ីនបូមទឹកចំនួន០២ គ្រឿង នៅព្រែកអ៊ុំ និងទីតាំង ម៉ាស៊ីនបូមទឹកចំនួន០៣ គ្រឿង ស្ថិតនៅស្ទឹងកូនជ្រៃ ក្នុងឃុំ ព្រែកអំបិល និងបន្តពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ និងប្រព័ន្ធ ប្រឡាយនានាក្នុងឃុំទាំងបី រួមមានឃុំក្រាំងយ៉ូវ ឃុំកោះខែល និង ឃុំព្រែកអំបិល ដែលកន្លងមកជួបការប្រឈមនឹងការខ្វះខាតទឹក។

ដោយឡែក​ លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កណ្តាល បានឱ្យដឹងថា៖ ទូទាំងខេត្តកណ្តាលមានផ្ទៃដីស្រូវប្រាំង របស់ប្រជាកសិករប្រមាណជាង៥ពាន់ហិតា ដែលប្រឈមក្នុងការ ខ្វះខាតទឹកស្រោចស្រព។ ក្នុងនោះស្រុកស្អាង មានផ្ទៃដីស្រែប្រាំង ប្រមាណ ជាង២ពាន់ហិចតា ផងដែរដែលប្រឈមក្នុងការខ្វះការ ទឹកស្រោចស្រព។

 

ផ្សាយ​:ថ្ងៃទី​៤ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដកស្រង់ពី:លេខាធិការ​ដ្ឋាន​ គ.ស.ព.ស

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

(សៅ​ វាសនា)

ព័ត៌មានដែលជាប់ទាក់ទង