លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុង ខេត្តព្រះសីហនុបានសម្អាតប្រមាណជាង៩៥ភាគរយហើយ ប៉ុន្តែលោកអះអាងថា ទោះបីជាយ៉ាងណាក៏មិនទាន់អាចឲ្យភ្ញៀវ ទេសចរជាតិ និងអន្តរជាតិដើរលេងនៅមាត់សមុទ្រនៅចំណុច នេះ ចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំ មួយរយៈពេលខ្លីសិន ។
(ខេត្តព្រះសីហនុ): អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ នៅព្រឹកថ្ងៃ៤ ខែកុម្ភៈនេះបានឲ្យថាប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែងកាលពីថ្ងៃទី១ខែកុម្ភៈ ក្រុម ការងារជំនាញបានសម្អាតបានប្រមាណជា៩៥% ហើយនៅសល់តែកំណកកម្អែលបន្តិច បន្តួចប៉ុណ្ណោះ ខណៈក្រុម ការងាររបស់ក្រសួងពាក់ព័ន្ធកំពុងមមាញឹកសម្រុកសម្អាត ដើម្បី ឲ្យពលរដ្ឋចុះលេងទឹកបានឆាប់ៗនេះ ។
មកដល់ថ្ងៃទី៤ ខែកុម្ភៈ នេះ ស្ថានភាពមានលក្ខណៈល្អប្រសើរច្រើនហើយ សឹងតែអាច គ្រប់គ្រងសភាពការណ៍បានអស់ហើយ ។ដោយឡែកការសម្អាតឆ្នេរព្រែកត្រែង យើងអាចថា សម្រេចបាន៩៥% វានៅសល់កំណកតិចតួចដែលត្រូវបានរលកបក់មក ។ ប្រេងដែលយើងទប់ស្កាត់បានគឺយើងទប់រួចហើយ ប៉ុន្តែមួយចំនួន ខ្លះវានៅអណ្តែតលើផ្ទៃសមុទ្រ ហើយនៅពេលរលកបក់មក វា នាំមកជាប្រភេទកំណកស្អិតៗដូចកៅស៊ូចឹង តិចតួចទេ។
លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ផងដែរថាការហៀរកំពប់ប្រេងនេះគឺបណ្តាលមកពីការធ្លាយរ៉ងបំពង់ក្នុងឃ្លាំងស្តុកប្រេងស្ថិតនៅស្រុកស្ទឹងហាវនេះតែម្តង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ប្រេង ប្រមាណ២០០០លីត្របានហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែភ្លាមៗបានក្រសួង បរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបានចុះសម្អាត ដើម្បីទប់ស្កាត់កុំ ឲ្យប៉ះពាល់ដល់បរិស្ថាននៅជុំវិញនោះ៕
ផ្សាយ:ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ចេញពី:វិទ្យុជាតិ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)