ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាល ខេត្ត និងក្រុង ស្រុក នៃខេត្តបាត់ដំបង រៀប រៀបចំផ្លូវ ថ្មើរជើងពេលរាត្រី ដើម្បីឱ្យពលរដ្ឋដើរនិងកម្សាន្ត!

(បាត់ដំបង)​: ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាអំពីការ ចាប់ផ្តើមដំណើរការផ្លូវថ្មើរជើង រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅរាជធានីភ្នំពេញ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការសាកល្បងផ្លូវ ថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រ ពីសាធារណជន ទាំងអ្នកហាត់ប្រាណកម្សាន្ត និង អ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្តាល យុវជន និងកុមារ ដ្បិតពួកគាត់ មិនព្រួយបារម្ភអំពី បញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្តយន្ត ខណៈអ្នកលក់ដូរ បែបចល័តក៏ទទួលបានឱកាស លក់អាហារ និងវត្តអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក នៃ ខេត្តបាត់ដំបង គិតគូរលើចំណុចនេះដែរ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំង ណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំតាមលំនាំ សាលារាជធានីភ្នំពេញ គឺផ្លូវថ្មើរជើង សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយកំណត់ក្នុងចន្លោះពេលវេលា ណាមួយ ដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា៖ ផ្លូវជុំវិញស្ទឹង សង្កែ សួនវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោម ជាដើម។

ពាក់ព័ន្ធការកែលម្អ សោភ័ណភាព និងការរៀបចំទី តាំងផ្សេងៗ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ និងបំរើ សេចក្តីត្រូវការដល់ប្រជាពលរដ្ឋ អ្នកដើរកម្សាន្ត និង ហាត់ប្រាណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន លើកឡើងថា ការស្រាវជ្រាវមួយរកឃើញថា ប្រជាជន ១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធរ រៀបចំទីតាំងសម្រាប់ពួកគាត់ ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្ត នៅពេលព្រឹក ពេលល្ងាច និងពេលយប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យ រដ្ឋបាលខេត្ត ដូចគ្នាដែរ រដ្ឋបាលក្រុង ស្រុក ចំណុះ ឱ្យខេត្តបាត់ដំបង ត្រូវមានការជួបប្រជុំពិភាក្សាគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោល ក្នុងតំបន់ គ្រប់គ្រងនៃមូលដ្ឋានរបស់ខ្លួន ជៀសវាងតំបន់មាន សក្តានុពល ត្រូវបានប្រើប្រាស់ខុសគោលដៅ ដែល នាំឱ្យពិបាកដោះស្រាយនាថ្ងៃក្រោយ។ ឯកឧត្តម បាន លើកឡើងនូវបទពិសោធដែលតំបន់មានសក្តានុពល ទេសចរណ៍ធម្មជាតិ ភ្នំ និងអាកាសធាតុ ប្រៀបបាន ប្រទេសស្វីស ដែលត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់ ដោយវិស័យឯកជន។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ សន្និបាត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ រហូតដល់ ថ្ងៃទី៧ ខែកុម្ភៈ ដែលពិធីបិទប្រារព្ធធ្វើឡើង ក្រោម អធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន មានប្រសាសន៍កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីរាជការ កងកម្លាំង ទាំងអស់ សម្រាប់ការបំពេញភារកិច្ចប្រកបដោយ ជោគជ័យក្នុងឆ្នាំ២០២៤ និងក៏បានណែនាំឱ្យ យកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញ ដោយពិនិត្យកែសម្រួលបន្ថែមទៀត ដើម្បីឱ្យស្រប ទៅនឹងស្ថានភាពឆ្នាំ២០២៥ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ៕

ផ្សាយ​:ថ្ងៃទី​៨ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង