(ខេត្តតាកែវ): ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ ខេត្ត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា អាជ្ញាធរក្រុងដូនកែវ នឹង សាងសង់ប្រាសាទមួយនៅចំកណ្តាល ផ្ទៃបឹងតាកែវ ដើម្បីជាទី សក្ការៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរផងដែរ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងរៀបចំសាងសង់ ប្រាសាទមួយកន្លែងនៅកណ្តាលបឹងតាកែវ គ្រោងនឹងចំណាយថវិកា ប្រមាណ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពី សប្បុរសជនជិត ឆ្ងាយក្នុង និងក្រៅប្រទេសហើយការកសាងប្រាសាទនេះ គឺដើម្បី ទុកជាទីសក្ការៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើន ក៏ទុកជាកេរ្តិ៍ ដំណែលតកូនចៅរាប់សិបជំនាន់ទៀត។
ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថាក្រៅតែពីគម្រោង
សាងសង់ ប្រាសាទនៅកណ្តាលបឹងតាកែវ អាជ្ញាធរខេត្តក៏នឹងរៀបចំផ្លូវ ក្រវាត់បឹងតាកែវមួយទៀតរួមជាមួយសួនច្បារ និងដើមឈើអម សងខាងផ្លូវ ដែលមានប្រវែងសរុបប្រមាណ ១០គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណកន្លែងជិះកង់កម្សាន្តសម្រាក លំហែរក្រោយទំនេរពីការងារផ្សេងៗ។
ឯកឧត្តមអភិបាលខេត្តតាកែវរូបនេះ ជឿជាក់ថា ក្រោយសាងសង់គម្រោង ទាំងអស់នេះរួច ក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ នឹង ប្រែមុខមាត់ថ្មីក្រោមដំបូលនៃសុខសន្តិភាពនឹងទាក់ទាញ ប្រជាពលរដ្ឋក្នុងខេត្តទេសចរជាតិ អន្តរជាតិ និងមកលេង កម្សាន្តកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងឈានទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូល កម្រិតខ្ពស់៕
ផ្សាយ:ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)