កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ទៅ សាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

(ខេត្តបន្ទាយមានជ័យ): វេលាម៉ោង០៣និង០០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាត ក្នុងភូមិសាស្ត្រ រហូតដល់ចំណុចមណ្ឌល៥ ស្ថិត ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រទះឃើញ ក្មេងទំនើងមួយក្រុមកំពុងប្រមូលផ្តុំគ្នា ភ្លាមនោះ កម្លាំងល្បាតបានចុះទៅឆែកឆេរតែក្រុមក្មេងទំនើង ទាំងនោះបានរត់គេចខ្លួន កម្លាំងល្បាតក៏បានដេញ ចាប់បានចំនួន០៣នាក់រួមមាន៖ ១.ឈ្មោះ ជី ភ័ក រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ហុង ដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ រឿន ចាន់រ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រួមទាំងដកហូតវត្ថុតាងកាំបិតចំនួន០២ដើម ហើយ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរក សារធាតុញៀនជាជាលទ្ធផល វិជ្ជមាន(+) ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ ឃាត់ខ្លួន សួរនាំរួច ជនសង្ស័យបានឆ្លើយសារភាព ថា វត្ថុតាងខាងលើពិតជារបស់ពួកខ្លួន ហើយពួកខ្លួន ក៏បានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុ តាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ចេង ប្រធានមន្ទីរ ស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការ បង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ័ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ផ្សាយ​:ថ្ងៃទី​១០ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)

 

ព័ត៌មានដែលជាប់ទាក់ទង