ឯកឧត្តម​ គួច​ ចំរើន​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល​ អញ្ជើញ​ជា​អធិបតីក្នុងកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុង ក្របខ័ណ្ឌបំពេញភារកិច្ចរបស់ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនក្នុងខេត្ត.

(ខេត្តកណ្តាល)​៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុង ក្របខ័ណ្ឌបំពេញភារកិច្ចរបស់ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការស្នើសុំវិនិយោគ និង ទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនចូលមកវិនិយោគក្នុង ខេត្តកណ្តាល ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំង មានការអញ្ជើញចូលរួមផងដែរ ពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និង មន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ អនុគណៈកម្មការវិនិយោគថ្នាក់ខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ ខ្ពស់ក្នុងការសម្របសម្រួលនីតិវិធីជាមួយអង្គភាពពាក់ព័ន្ធ ត្រូវ ពន្លឿនដំណើរការនៃស្នើសុំការវិនិយោគ ឲ្យប្រព្រឹត្តទៅបានរលូន និងមានភាពងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមក វិនិយោគក្នុងខេត្តបានកាន់តែច្រើនឡើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ភារកិច្ចសំខាន់របស់យើង នៅពេលនេះ គឺត្រូវខិតខំធ្វើការងារនេះឲ្យកាន់តែល្អប្រសើរឡើង បន្ថែមទៀត ប្រកបដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ខ្ពស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកមកស្នើសុំការវិនិយោគ ក្នុងខេត្តឲ្យបានកាន់តែងាយស្រួលឡើង ដើម្បីបង្កើតការងារឲ្យ កាន់តែច្រើន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត។

សូមជម្រាបថា យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ របស់អនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល បានឲ្យដឹងថា គម្រោងវិនិយោគ ក្នុងសមត្ថកិច្ចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុង ឆ្នាំ២០២៤ មានសំណើគម្រោងបង្កើតរោងចក្រ សរុបចំនួន ៣៣រោងចក្រ។ ក្នុងឆ្នាំ២០២៥ មានសំណើគម្រោងបង្កើត រោងចក្រ សរុបចំនួន ៦រោងចក្រ។

ចំពោះគម្រោងវិនិយោគ ក្នុងសមត្ថកិច្ច អនុគណៈកម្មាធិការ វិនិយោគខេត្តកណ្តាល ក្នុងឆ្នាំ២០២៤ មានសំណើគម្រោងបង្កើត រោងចក្រ សរុបចំនួន ០៧គម្រោង។ ក្នុងឆ្នាំ២០២៥ មានគម្រោង បង្កើតរោងចក្រសរុបចំនួន ០៥គម្រោង ។

 

ផ្សាយ​:ថ្ងៃទី​១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដកស្រង់​ចេញពី​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង