ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមទាំងក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំង ព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល.
(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពី កងកម្លាំង មន្ទីរ ជំនាញពាក់ព័ន្ធ និងអជ្ញាធរស្រុកស្អាង អញ្ជើញចុះត្រួតពិនិត្យ ទីតាំងព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅក្នុង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា៖ ការចាប់ផ្តើមសាងសង់ ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ ទន្លេបាសាក់ ដោយបានបោះនិយាមការរួចរាល់ហើយ ចូល មកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីក្នុង ការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយចុះកុងត្រា
កិច្ចសន្យារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការ ដោះស្រាយផលប៉ះពាល់ ជាមួយនិងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បី ឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាន និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃ ទន្លេបាសាក់រួចចូលតាមព្រែកតាហ្នឹង នៃទន្លេបាសាក់ក្នុងស្រុក កោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្ត ចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្ត កែប។
គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ច កម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាព ប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធ ស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើន ផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី។
ផ្សាយ:ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ចេញពី:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)