លិខិតរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​ផ្ញើរទៅ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។

ឯកឧត្តម ដូណាល់ ជេ. ត្រាំ
ប្រធានាធិបតីនៃសហរដ្ឋអាមេរិក

កម្មវត្ថុ៖ ការស្នើបើកការចរចា លើការដាក់ឱ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជា

ឯកឧត្តមប្រធានាធិបតី

ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។

ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។

ក្នុងស្មារតីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។

កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។

សូមឯកឧត្តមទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ

 

ផ្សាយ:ថ្ងៃទី​០៥ ខែមេសា​ ឆ្នាំ២០២៥​

ប្រភព​:សម្តេច​ធិបតី

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ វាសនា(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង