រដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត.ត
(ខេត្តកណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមផងដែរ ពីរអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានឲ្យដឹងថាបទល្មើសព្រហ្មទណ្ឌក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបជាមួយត្រីមាសទី១ ឆ្នាំ២០២៤ កើតឡើង ៨៩/៦១ករណី (កើន ២៨ករណី)។ រីឯលទ្ធផលនៃការបង្ក្រាបសរុបចំនួន ៨២ករណីស្មើនិង៩២% ។ តាមរយៈនៃការកើនឡើងនូវបទល្មើសព្រហ្មទណ្ឌ កម្លាំងជំនាញខេត្ត បានរៀបចំផែនការប្រទាក់ក្រឡាជាមួយ បណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង កំណត់តំបន់ងាយរងគ្រោះដោយប្រើប្រាស់កម្លាំងចំហរចេញល្បាតជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណារារាំងមិនឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាពប្រព្រឹត្តបទល្មើស។
តាមរយៈនៃការកើននូវបទល្មើសនេះ រដ្ឋបាលខេត្តនឹងបង្កើនការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ នឹងបន្តប្ដេជ្ញាប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសគ្រប់ប្រភេទដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនានា។ ជាងនេះទៅទៀតនោះ រដ្ឋបាលខេត្តកណ្ដាល នឹងខិតខំធ្វើឱ្យខេត្តមានសន្តិសុខ សុវត្ថិភាព សម្រាប់ការរស់នៅបានសុខស្រួល ទាក់ទាញការវិនិយោគ និងទេសចរណ៍ ស្របតាមចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃ គឺរដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជន បម្រើសេវា និងផលប្រយោជន៍ជូនប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនិងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឲ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា។
ផ្សាយ:ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥
រូបថត&អត្ថបទ:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)