រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិបានអះអាងថា ខ្លួនមិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យលើកស្លាកសញ្ញាគណបក្សនយោបាយ ដើម្បីចូលរួមការប្រកួតការបោះឆ្នោតឃុំ សង្កាត់ឃុំខាងមុននោះទេ ខណៈដែលគណបក្សលោកត្រូវបានក្រ សួងមហាផ្ទៃបានអនុញ្ញាត ។
យ៉ាងណាក្តី ការអះអាងនេះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានស្នើឲ្យភាគីពិភាក្សាគ្នាដោយគោរពតាមនីវិធីច្បាប់ដែលមានចែង ។
លោក ជុំ ហួត សមាជិកគណៈកម្មការនាយក និងជាមន្ត្រីជាន់ខ្ពស់គ ណបក្សខ្មែរស្រឡាញ់ជាតិបានឲ្យដឹង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ថា ពួកគាត់ត្រូវបានអាជ្ញាធរធ្វើការហាមឃាត់ និងគំរាមកំហែងក្នុងការលើកស្លាកសញ្ញាគណបក្សនយោបាយរបស់គាត់ ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា ៖«ម្សិលមិញមានអាជ្ញាធរមួយក្រុមបានមកបន្ទប់ជួលផ្ទះខ្ញុំ ដោយគំរាមថា មិនចាំបាច់និយាយច្រើនទេចាប់ពួកវាទៅស្នងការនគបាលទាំងអស់ ។ ហើយរាល់សកម្មភាពពួកខ្ញុំជួបគ្នាលើកស្លាកសញ្ញាគណបក្សតែងតែអាជ្ញាធរមកសួរនាំ និងរារាំងមិនឲ្យជួបជុំនៅតាមបណ្តាខេត្តក្រុងទាំងអស់ ដែលរៀបចំរចនាសម្ព័ន្ធស្ទើរទាំងអស់ក្នុងការត្រៀមប្រកួតប្រជែងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ខាងមុខនេះ» ។
លោក ជុំ ហួត ក៏បានលើកឡើងថា ពេលនេះគណបក្សលោកមានសមាជិកជាង៥ម៉ឺននាក់ ដែលជាសកម្មជនសំខាន់ៗចេញពីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលរយៈពេលប៉ុន្មានមកនេះ ។
លោកក៏បានគូសបញ្ជាក់ថា ៖«រាល់ពេលលើកស្លាកអាជ្ញាធរតែងតែងមករារាំង និងថតរូប ហើយពេលខ្លះយើងអត់បានលើកស្លាកទៀត ទោះបីជាយើងមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពីឃុំ សង្កាត់ណាមួយក៏ដោយក៏មានរូបភាពមានការរារាំង» ។
ជាមួយគ្នានោះដែរ លោកថា គណបក្សលោកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០២០ ដោយមានអតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិជាប្រធាន ។ សមាជិកក្នុងគណៈកម្មការនាយកវិញភាគច្រើនជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ពិសេសនោះ ជាអតីតមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក រាជធានីខេត្តតែម្តង ។
លោក ជុំ ហួត ក៏បានលើកឡើងថា ក្រុមការងារគណបក្សមានគម្រោងលើកស្លាកនៅក្នុងរាជធានីភ្នំពេញ និងខេត្ត ប៉ុន្តែការលើកស្លាកនេះមិនត្រូវបានការអនុញ្ញាតពីអាជ្ញាធរ ឃុំ ឬសង្កាត់នោះទេ ។
ទាក់ទិននឹងលើកស្លាកសញ្ញាគណបក្សហើយមានការរារាំងពីអាជ្ញាធរនេះដែរ មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ភាគីទាំងពីរត្រូវតែធ្វើការពិភាក្សាគ្នា និងធ្វើតាមនីតិវិធីដែលបានច្បាប់កំណត់ ។
ឯកឧត្តម ហង្ស ពុទ្ធាអ្នកនាំពាក្យ គជប បានឲ្យកោះសន្តិភាពយ៉ាងដូច្នេះថា៖«គជប មិនបានធ្វើការវិភាគលើអ្វីដែលកើតឡើងក្នុងអំឡុងពេលដំណើរការរៀបចំបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតអីញ្ចឹងសម្រាប់គណបក្សណាដែលរៀបចំលើកស្លាកក្នុងដំណាក់កាលនេះ គឺជាការទទួលសុខត្រូវរបស់អាជ្ញាធរដែនដី» ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យ គជប ក៏បានលើកឡើងថា ៖ភាគីគួរពិភាក្សាគ្នាពីព្រោះថា អ្វីដែលត្រូវធ្វើតាមច្បាប់ និងតាមគោលការណ៍ច្បាប់ ។ អីញ្ចឹងអាជ្ញាធរគាត់មានគោលការណ៍របស់គាត់ ហើយគាត់មិនអនុម័តដោយអនោម័តដែរ ហើយចំណែកខាងគណបក្សខ្ញុំគ្រាន់ដាក់សំណួរថា តើធ្វើតាមលក្ខខណ្ឌគោលការណ៍ច្បាប់ឬអត់0x017d7 ។
យ៉ាងណាក្តី អ្នកនាំពាក្យ គជប បានអះអាងថា ទោះបីជាគណបក្សមានការអនុញ្ញាតពីក្រសួងមហាផ្ទៃក្តី ក្នុងពេលធ្វើអ្វីមួយគណបក្សនយោបាយត្រូវតែធ្វើការទាក់ទងទៅអាជ្ញាធរដែន ដើម្បីដោះស្រាយបញ្ហា ។ ប៉ុន្តែភាគីមិនអាចលើក តែទិដ្ឋភាពច្បាប់តែមួយដោយមិន គិតពីនីតិវិធីជាក់ស្តែងនោះទេ ៕