នៅរសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលមានតំណាងក្រុមហ៊ុនចំនួន៣៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។
សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងក្ដីរីករាយដែលបាននជួបជាមួយប្រតិភូសមាគមជប៉ុន-កម្ពុជា ជាលើកទី២ និងបានចាត់ទុកទស្សនកិច្ចរបស់ប្រតិភូសមាគមនៅកម្ពុជាថាជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។
សម្ដេចក៏សម្ដែងក្ដីសង្ឃឹមថាគណៈប្រតិភូជប៉ុននឹងមានការចាប់អារម្មណ៍ចំពោះការវិនិយោគពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងបានឧទ្ទេសនាមថាក្នុងជំនួបនាឱកាសនេះ ក៏មានវត្តមានប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែរ។ សម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងអាចស្វែងយល់ពីគ្នាដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការវិនិយោគ។
លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្ដេចក្រឡាហោមថា អំពីវត្ថុបំណងនៃដំណើរទស្សនកិច្ចកម្ពុជារបស់គណៈប្រតិភូក្រុមហ៊ុនជប៉ុនឱកាសនេះដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងថាជំនួបជាមួយសម្ដេចនាពេលនេះ ក៏មានបំណងដើម្បីស្វែងយល់ព័ត៌មានមួយចំនួនពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ និងសក្ដានុពលវិនិយោគតាមបណ្ដាខេត្ត៕