រាជធានីភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃ៣០ ខែសីហា ច្រានចោលការលើកឡើងថា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានជំនួបស្ងាត់ៗជាមួយនឹងអ្នកនយោបាយនៃអតីតគណបក្សប្រឆាំង ដូចការលើកឡើងរបស់អ្នកវិភាគ ឬអ្នកនយោបាយមួយចំនួនតូចនៃអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ។
លោក ស សុខា ដែលជាកូនប្រុសរបស់សម្តេច ស ខេង បានបញ្ជាក់ថា វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ។
ការថ្លែងបញ្ជាក់របស់លោក ស សុខា ធ្វើឡើងក្រោយតែប៉ុន្មានម៉ោង ដែលរូបភាពមួយសន្លឹករបស់សម្តេច ស ខេង ចាប់ដៃជាមួយអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង អតីតអ្នកនយោបាយជាន់ខ្ពស់របស់អតីតបក្សប្រឆាំង យកមកបង្ហោះលើហ្វេសប៊ុក អមនឹងខ្លឹមសារថា «២៩ សីហា ២០២១ / 29 August 2021។ ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយ ដ៏ត្រឹមត្រូវ » ។ យ៉ាងណាមិញ រូបភាពមួយសន្លឹកនោះ គឺមិនមែនជារូបភាពថ្មីៗនេះទេ ហើយជារូបភាពជំនួបកាលពីអតីតកាល ដែលហាក់ដូចជាថតនៅរដ្ឋសភាជាតិ កន្លងមក ។
យ៉ាងណាមិញ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក ស សុខា បានប្រកាសច្រានចោលចំពោះ ការលើកឡើងថា មានជំនួបរវាងជាមួយអតីតមន្ត្រីបក្សប្រឆាំងនៅប្រទេសបារាំងជាការប្រឌិត និងបំពុលសង្គមតែប៉ុណ្ណោះ ។
លោកស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង ដើម្បី ពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ»។ លោកបន្តថាសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា វត្តមានសម្តេចក្រឡាហោម ស ខេងទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានកា រជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណប ក្សសង្គ្រោះជាតិ នោះឡើយ ។
លោកបានបន្ថែមថាទង្វើរបស់អ្នកនយោបាយ ដែលធ្វើគ្រាន់តែដើម្បីមហិច្ឆតាផ្ទាល់ ខ្លួនរស់ទោះអ្នកដទៃស្លាប់ក៏ដោយចុះបែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចរិកអ្នកនយោបាយ គ្មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងចេតនាទុច្ចរិតដដែលៗ បំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម និងបរិយាកាសនយោបាយនៅកម្ពុជា ជាពិសេសបាននិងកំពុងតែមួលបង្កាច់ទម្លាក់កំហុស យ៉ាងពិសពុលលើសម្តេចក្រឡាហោម ស ខេង ផងដែរ។ លោកក៏បានសូមអំពាវនាវដល់សាធារណជនទាំងអស់ កុំជឿលើការលើកឡើង នៃក្រុមអ្នកនយោបាយអាត្មានិយម ដែលក្នុងចិត្តគំនិតគិតតែពីចង់បានអំណាច ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ដោយមិនគិតពីផលប្រយោជន៍ជាតិរួម មិនយកការពិតជាមូលដ្ឋាន នោះឲ្យសោះ។
លោក ស សុខា បានបន្តថា ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វើជាគំរូវិជ្ជមាន សម្រាប់អ្នកន យោបាយជំនាន់ក្រោយរៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វើប្រជាភិថុតិយុវជន ប្រជាជន។
ចំណែក ឯកត្តម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា «សម្តេច ស ខេង អញ្ជើញទៅបារាំងដោយមានធុរៈផ្ទាល់ខ្លួន លោកគ្មានពេលឯណាទៅជជែកពិភាក្សា ដូចអ្វីដែល សម រង្ស៊ីថា(រដ្ឋាភិបាលបង្រួបបង្រួមជាតិ) នោះទេ ។ ការបង្កើតរដ្ឋា ភិបាលចំរុះស្អីនោះ អត់មានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ណាគេឲ្យធ្វើចឹងទេ នេះគឺជាអំពើក្បត់ជាតិថែមទៀត» ។
ឯកឧត្តមបន្តថា លោក សម រង្ស៊ីប្រកាសបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនេះ ធ្វើឲ្យមានដីការចា ប់ខ្លួនកើនឡើងថែមទៀតទេ ព្រោះគំនិតចេញមកសុទ្ធតែផ្ទុ យទៅនឹងច្បាប់របស់កម្ពុជា ។ ចំពោះមតិលើកឡើងថា សម្តេច ស ខេង ទៅបារាំងដើម្បីជួបក្រុមរបស់លោក សម រង្ស៊ីនោះ ឯកឧត្តមខៀវ សុភ័គ បញ្ជាក់ថា គឺជារឿងរបស់គេទៅ ព្រោះជាសិទ្ធិបញ្ចេញមតិ គ្មានអ្នកណាហាមឃាត់ទេ ប៉ុន្តែជាក់ស្តែងគឺសម្តេច ស ខេង ទៅបារាំង ដោយសារមានកិ ច្ចការផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
សូមជម្រាបថា ក្រោយការចាកចេញរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម ន្ត្រីក្រសួងមហាផ្ទៃ មិនបានប៉ុន្មានថ្ងៃផង មានការផ្សព្វផ្សាយ ក៏ដូចជាការលើកឡើង ពី មតិ ប្រឆាំងថា សម្តេច ស ខេង ទៅជួបមន្ត្រីនៃអតីត គណបក្សសង្គ្រោះជាតិ ផងដែរ៕