បង្ក្រាបទីតាំងផលិតកែច្នៃគ្រឿងញៀ.ន២ទីតាំង និងរឹបអូសធាតុផ្សំជាង១៤តោន ឃាត់ខ្លួនជនជាតិ ចិនតៃវ៉ាន់ចំនួន០៧នាក់
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀ.ន បានបង្ក្រាបករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀ.នមួយកន្លែង ដោយចាប់ខ្លួនជនជនជាតិចិនតៃវ៉ាន់បានចំនួន៧នាក់ និងរឹបអូសសារធាតុគីមីផ្សំជាង១៤តោន នៅខេត្តព្រះសីហនុ។
ប្រតិបត្តិការខាងលើនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀ.ន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទីរសៀល កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀ.ន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា, លោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀ.នខុសច្បាប់ ចំនួន២ទីតាំង ៖
ដោយទីតាំងទី១- នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងទីតាំងទី២- នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងនោះរួមមាន ៖
១- ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ២- ឈ្មោះ LING YAN HONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ៣- ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។ ៤- ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។ ៥- ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ៦- ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។ និង ៧- ឈ្មោះ TSAI CHENG WEN ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិនតៃវ៉ាន់។
ចំណែកវត្ថុតាងដកហូតបាន មានដូចជា ៖ សារធាតុគីមី និងគីមីផ្សំចំនួន១៤តោន និង១៦០គីឡូក្រាម និងឧបករណ៍ សម្ភារៈកែច្នៃផលិត រួមមានដូចជា ៖ ១- ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, ២- កែវប្រតិកម្មចំនួន០៧គ្រឿងញៀ.ន, ៣- ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ៤- ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, ៥- កញ្ច្រែងមួយចំនួន, ៦-ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ៧-ធុងមួយចំនួន, ៨-ជីឡៅចំនួន១០ជីឡៅ, ៩- ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និង១០- សំបកធុង២៩៨សំបក។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ ព្រមទាំងវត្ថុតាងដែលចាប់យកខាងលើនេះ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ ៕