ខេត្តសៀមរាប ៖ មានករណី២ដាច់ដោយឡែកពីគ្នាក្នុងវត្តតែមួយ កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅចំណុចវត្តអំពិល ស្ថិតក្នុងភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។ ដោយករណីចោរឆ្កឹះសោរទ្វារចូលលួចលុយរបស់ព្រះសង្ឃដូចគ្នា ដែលសរុបអស់ចំនួនជាង ១២០០ ដុល្លារអាមេរិក ខណៈព្រះសង្ឃមួយអង្គនិមន្តទៅបុណ្យនៅឯភ្នំពេញ និងមួយអង្គទៀតរវល់និមន្តទៅពិនិត្យព្រះសុខភាព នៅមន្ទីរពេទ្យខេត្ត ។
ដោយករណីទី១ គឺព្រះសង្ឃរងគ្រោះព្រះនាម គឹម លាង ព្រះជន្មាយុ៣១ព្រះវស្សា គង់នៅវត្តកើតហេតុខាងលើ ។ ហើយតាមសង្ឃដីការបស់ព្រះអង្គបានឲ្យដឹងថា មុនពេលកើតហេតុ នៅចន្លោះម៉ោង២រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ព្រះអង្គបាននិមន្តចេញទៅពិនិត្យព្រះសុខភាព នៅមន្ទីពេទ្យខេត្តសៀមរាប ដោយបានចាក់សោទ្វារកុដិត្រឹមត្រូវ រហូតដល់វេលាម៉ោងប្រហែល៧យប់ ទើបព្រះអង្គបាននិមន្តត្រឡប់មកវត្តវិញ ។ លុះពេលមកដល់កុដិ ក៏ឃើញសោរទ្វារមានស្នាមគាស់បំបែកមេសោរ ពេលនោះព្រះអង្គបានបើកទ្វារចូលទៅមើលក្នុងបន្ទប់ ស្រាប់តែឃើញមានការរើកកាយរបស់របររបាត់រប៉ាយតែម្តង ។
ព្រះអង្គសង្ឃដីកាបន្តថា នៅក្នុងនោះមានការបាត់បង់ ដូចជា៖ កុំព្យូទ័រចំនួន២គ្រឿង (ម៉ាក DELL ពណ៌ខ្មៅ តម្លៃ៦០០ដុល្លារ និងម៉ាក Asus ពណ៌ស តម្លៃ៣០០ដុល្លារ), ទូរស័ព្ទ១គ្រឿង ម៉ាក GALAXY TAP តម្លៃ៣០០ដុល្លារ សរុប ១២០០ ដុល្លារអាមេរិក ។
ដោយឡែកករណីទី២ ព្រះសង្ឃរងគ្រោះព្រះនាម ប៉ុច កុសល ព្រះជន្ម៣៣វស្សា។ ព្រះអង្គមានសង្ឃដីការឱ្យដឹងថា កាលពីថ្ងៃ២០ ខែសីហា ឆ្នាំ២០២២ ព្រះសង្ឃបាននិមន្តទៅធ្វើបុណ្យនៅឯភ្នំពេញ និងបានចាក់សោរទ្វារបន្ទប់កុដិដូចគ្នាដែរ ។ លុះដល់ថ្ងៃទី២១ ខែឆ្នាំដដែល ព្រះអង្គបាននិមន្តត្រឡប់មកពីភ្នំពេញវិញ ពេលមកដល់កុដិស្រាប់តែឃើញទ្វារបន្ទប់ចំហរ ហើយព្រះអង្គនិមន្តចូលទៅមើល ក៏ឃើញមានស្នាមរើកកាយអីវ៉ាន់ពេញក្នុងបន្ទប់តែម្តង តែមិនមានការបាត់បង់ទ្រព្យសម្បត្តិ និងលុយកាក់មាសប្រាក់អ្វីនោះទេ ។
ក្រោយពេលពេលកើតហេតុ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីសកម្មភាពខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងយា បានសហការជាមួយផ្នែកជំនាញព្រហ្មទណ្ឌស្រុក បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។ ក្រោយពីពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ហើយ សមត្ថកិច្ចបាននិងកំពុងកំណត់មុខសញ្ញា ដើម្បីបន្តការស្រាជ្រាវ តាមរកចាប់ខ្លួនជនល្មើស នាំមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕