ខេត្តកំពង់ឆ្នាំង ៖ កោះមាន់គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ចំនួន៣៤៥កេស ដែលមានទម្ងន់ប្រមាណ៥តោន ត្រូវបានក្រុមសមត្ថកិច្ចចម្រុះ ធ្វើការដុតកម្ទេចចោល នៅវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងទីតាំងដីរបស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កោះមាន់ទាំងនេះ ត្រូវបានក្រុមសមត្ថកិច្ចចម្រុះធ្វើការចាប់ឃាត់ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា នៅតាមដងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រស្រុករលាបៀរ ខណៈពេលដែលកោះមាន់ទាំងនេះត្រូវបានដឹកជញ្ជូនតាមរថយន្តទួរីស ១គ្រឿង ក្រោយមកបានយកទៅរក្សាទុក ដើម្បីរកឯកសារ។
លោកបន្តថា ប៉ុន្តែពុំមានលិខិតដឹកជញ្ជូនត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ទើបព្រះរាជអាជ្ញាឱ្យបង្កើតក្រុមគណៈកម្មការចម្រុះ ធ្វើការដុតកម្ទេចចោលនៅថ្ងៃនេះ ដោយមានការចូលរួមពីលោក យាង ចាន់ក្រុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីផលិតកម្មបសុជាព្យាបាល មន្ត្រីនគរបាលសេដ្ឋកិច្ច និងមន្ត្រីកងរាជអាវុធហត្ថផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រោយពេលចាប់ឃាត់រថយន្តដឹកកោះមាន់ខាងលើនេះ គឺកោះមាន់បានប្រគល់ឲ្យមន្ត្រីពេទ្យសត្វ ដែលរៀបចំកម្ទេចចោល ចំណែករថយន្តប្រគល់ឱ្យសមត្ថកិច្ចនគរបាល ជាមួយនឹងអ្នកបើកបរចំនួន២នាក់ ដើម្បីបញ្ជូនទៅកាន់តុលាការ ព្រោះតែការបើកបររថយន្តគ្មានឯកសារ និងស្លាកលេខត្រឹមត្រូវ៕