លោក​ជំទាវ សៀង ចាន់​ហេង ប្រឈមនឹងនាំ​ខ្លួន​ឡើង ​តុលាការ​រឿង​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំយក​ដី​គេ

ខេត្តកណ្ដាល ៖ រាជរដ្ឋាភិបាល​យល់ព្រម ជា​គោលការណ៍ ប្រគល់​សមត្ថកិច្ច​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចាត់ការ​តាម​នីតិវិធី​នាំ​ខ្លួន​ជនល្មើស​ឈ្មោះ សៀង ចាន់​ហេង និង​បក្សពួក ប្រគល់​ឱ្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចោទប្រកាន់ និង​ផ្តន្ទាទោស​តាម​ច្បាប់​ដោយ​មិន​លើកលែង​។

នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្ដីការគណរដ្ឋមន្ត្រី ជម្រាប​ជូន សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ដែល​ចេញ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៣ ក្នុង​កម្មវត្ថុ ករណី​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ ដើម្បី​កាន់កាប់​អចលនវត្ថុ​របស់​ឈ្មោះ ហ៊ុន ប៊ុ​ន​ធឿ​ន និង​ឈ្មោះ ហៀវ លន់ នៅ​ភូមិ​ទួល​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។

ខ្លឹមសារ​ផ្នែក​ខ្លះ​នៃ​លិខិត​បាន​បង្ហាញ​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​យល់ព្រម ជា​គោលការណ៍​រួម​មាន ៖ អនុញ្ញាត​ឱ្យ​រដ្ឋបាល​ខេត្តកណ្តាល ប្រើប្រាស់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ដូច​មាន​ចែង​ក្នុង​លិខិត​លេខ​២០៨១ ដ​ន​សស កណ ចុះ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូប​នីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល ដែល​ឈ្មោះ ហ៊ុន ប៊ុ​ន​ធឿ​ន និង​ឈ្មោះ ហៀវ​លន់ ជា​ម្ចាស់​កម្មសិទ្ធិ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ចាត់ចែង​ប្រគល់​ដី​ពាក់ព័ន្ធ​ក្នុង​គម្រោង​ផែនការ​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​របស់​រាជរដ្ឋាភិបាល ដើម្បី​ទទួល​ប្រាក់​គោលនយោបាយ និង​បិទ​បញ្ចប់​ការ​សើរើ​ករណី​នេះ។

ប្រគល់​សមត្ថកិច្ច ឱ្យ​ស្នងការដ្ឋាន​នគ​បោល​ខេត្តកណ្តាល ចាត់ការ​តាម​នីតិវិធី​នាំ​ខ្លួន​ជនល្មើស ឈ្មោះ សៀង ចាន់​ហេង និង​បក្សពួក​ប្រគល់​ឱ្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចោទប្រកាន់ និង​ផ្តន្ទាទោស​តាម​ច្បាប់ ដោយ​មិន​លើកលែង​៕

ព័ត៌មានដែលជាប់ទាក់ទង