ខេត្តសៀមរាប ៖ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើសន្និសីទកាសែតមួយស្ដីអំពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ទូទៅនៅក្នុងខេត្ត និងការបង្ហាញមុខក្រុមចោរលួចម៉ូតូយ៉ាងសកម្មមួយក្រុម ដែលមានគ្នាចំនួន៩នាក់ ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ចំណែកម្នាក់ទៀតបានកំពុងស្រាវជ្រាវបន្ត ព្រមទាំងបានដកហូតនូវវត្ថុតាងរួមមាន ៖ ម៉ូតូ៦គ្រឿង និងឧបករណ៍សម្ភារៈកែច្នៃមួយចំនួនទៀត។
អង្គសន្និសីទកាសែតខាងលើនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប រួមទាំងមន្ត្រីនគរបាលជំនាញផងដែរ។
តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងខេត្ត ស្តីអំពីការងារសន្តិសុខនៅទូទាំងខេត្ត គឺបានផ្តល់នូវភាពល្អប្រសើរឡើង បើប្រៀបធៀបទៅក្នុងទស្សវត្សឆ្នាំ១៩៩០ គឺនាពេលបច្ចុប្បន្ននេះ ពុំមានករណីចោរប្លន់នោះឡើយ។
លោកបានបន្តទៀតថា ដោយខេត្តសៀមរាប គឺជាតំបន់គោលដៅទេសចរណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត ហើយក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានផ្តល់ផ្លូវដ៏ស្រស់ស្អាតចំនួន៣៨ខ្សែដល់ក្រុងសៀមរាប ក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺកូវិដ១៩។
លោកបានបន្តទៀតថា ដោយកត្តានេះហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកស្នាក់នៅកម្សាន្ត ទស្សនានៅតាមប្រាង្គប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិក្នុងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ក៏បានលើកផងដែរថា អំពីលទ្ធផលដែលកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការល្អជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអធិការដ្ឋាននគរបាលក្រុងសៀមរាប ព្រមទាំងស្រុកមួយចំនួន ក្នុងការចុះធ្វើការស្រាវជ្រាវនូវសញ្ញាយ៉ាងសកម្មក្នុងការលួចម៉ូតូនៅក្រុងសៀមរាប រហូតទទួលបានលទ្ធផល ដោយបានបំបែកនូវសម្បុកចោរមួយក្រុម ដែលមានបក្សពួកចំនួន៩នាក់ ហើយត្រូវបានឃាត់ខ្លួនចំនួន៨នាក់នៅនឹងទីកន្លែងផ្សេងគ្នា និងម្នាក់ទៀតបានកំពុងរត់គេចខ្លួន។
លោកក៏បានបញ្ជាក់ថា ករណីចោរឆក់ និងលួចបើធៀបពីឆ្នាំ២០២១ និងឆ្នាំ២០២២ មានការថយចុះ ដោយកម្លាំងយើងបានធ្វើការល្បាតបានជាប្រចាំ ទាំងយប់ទាំងថ្ងៃក្នុងក្រុង និងតាមមូលដ្ឋានសំខាន់នៅក្នុងតំបន់រមណីយដ្ឋាននានា ព្រមទាំងបានកំណត់ និងគ្រប់គ្រងនូវមុខសញ្ញាជនបង្កដែលទើបចេញពីមណ្ឌលកែប្រែ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និង ស្ថាប័នពាក់ព័ន្ធ បានចូលរួមអនុវត្តលើផែនសន្តិសុខ ព្រមទាំងបានប្រើប្រាស់វិធានការជំនាញច្បាស់លាល់។
ក្នុងនោះលោកស្នងការរង ក៏បានលើកនូវវិធានការមួយចំនួនជូនដល់ប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នចូលរួមទាំងអស់គ្នាអនុវត្ត ដែលជាគោលការណ៍ចម្បង ដើម្បីកាត់បន្ថយនូវរាល់បទល្មើស ព្រមទាំងត្រូវលុបបំបាត់នូវបទល្មើសដែលបង្កឡើងដោយខ្លួនឯង ដែលធ្វើឲ្យបំពុលដល់សង្គម ។ ម្យ៉ាងទៀត ក៏ត្រូវចូលរួមទាំងអស់គ្នា ក្នុងការការពារព្រព្យសម្បត្តិរបស់ខ្លួន និងផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ហើយចំពោះជនដែលប្រឌិតបទល្មើសនឹងត្រូវទទួលទោសទៅតាមច្បាប់ ។
Picture
ក្នុងឱកាសនោះផងដែរ បងប្អូនប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារបាត់ម៉ូតូ ដោយ ក្រុមជនសង្ស័យទាំង០៨នាក់លួចយកកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវបានលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ធ្វើការប្រគល់ជូនបងប្អូន ព្រមទាំងអំពាវនាវដល់បងប្អូនបាត់ម៉ូតូមកពិនិត្យមើលម៉ូតូរបស់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសៀមរាបផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បប់៕