សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងលោកផ្កាយ២ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៣ ហើយត្រូវបានចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ធ្លាប់កាន់មុខតំណែងជាអធិការស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយមក ត្រូវបានប្រមុខរាជរដ្ឋាភិបាល តែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ ។
យោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល សម្រេចអោយលោកឧត្តមសេនីយ៍ទោ ផាន់ សុផល ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ។ យ៉ាងណា គេនៅមិនទាន់ដឹងថា ឧត្តមសេនីយទោ ឈឿន ប៊ុនឆន នឹងទៅកាន់មុខតំណែងអ្វី នៅឡើយទេ ៕