ខឹងប្តីពូកែប្រច័ណ្ឌពេក ស្ត្រីជាប្រពន្ធបានសម្រេចចិត្តធ្វើអត្តឃាត លេបថ្នាំសម្លាប់ខ្លួនឯង ចោលកូនប្រុសស្រី៥នាក់ ឲ្យនៅកំព្រា
ភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នារាត្រី ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩និង៤០នាទីយប់ ខណ:មានស្ត្រីម្នាក់បានលេបថ្នាំប៉ុនប៉ងធ្វើអត្ត.ឃាតស.ម្លាប់ខ្លួន។
តាមការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិរបស់ស្ត្រីរងគ្រោះខាងលើ បានឲ្យដឹងថា ស្ត្រីដែលបានលេបថ្នាំសម្លា.ប់ខ្លួនខាងលើនេះ មានឈ្មោះ ម៉ើ ផល្លា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុសស្រី៥នាក់នាក់ ប្រុស៤នាក់និងស្រីម្នាក់ ស្នាក់នៅបន្ទប់ជួលភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិជ័យមង្គល ឃុំច្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានប្តីឈ្មោះទីន អាយុ៣៧ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ ស្នាក់នៅជាមួយគ្នា ។
ប្រភពដដែលបានបន្តទៀតថា បុរសជាប្តីតែងតែប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ហើយរករឿងឈ្លោះប្រកែកគ្នា ស្ទើរតែរៀងរាល់ថ្ងៃ ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំរស់នៅជាមួយគ្នា លែងបានលុះមុនថ្ងៃកើតហេតុ ទើបសម្រេចចិត្តទិញថ្នាំងងុយដេកជាច្រើនគ្រាប់ ដើម្បីយកមកលេបសម្លាប់ខ្លួនឯង នៅបន្ទប់ជួលខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ភ្លាមៗនោះអ្នកជិតខាងនិងក្រុមគ្រួសារ បាននាំគ្នាដឹកស្ត្រីខាងលើមកកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្រ្គោះ លុះនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ស្ត្រីខាងលើនេះ បានបាត់បង់ជីវិត នៅឯមន្ទីរពេទ្យរុស្ស៊ីបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដឹកយកសពមកតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច័យ ក្រោយពេលដែលសមត្ថកិច្ចជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យសពរួចរាល់ហើយនោះ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពស្ត្រីខាងលើនេះ ពិតជាត្រូវបានលេបថ្នាំលើសកម្រិត បណ្តាលឲ្យស្លា.ប់ពិតប្រាកដមែន សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕