ខេត្តស្ទឹងត្រែង៖ អ្នកសារព័ត៌មានត្បាញអាយមួយក្រុម នាំគ្នាទៅជំរិតទារលុយពីតៃកុងត្រាក់ទ័រភ្ជួរដីម្នាក់ធ្វើឱ្យមានទំនាស់ពាក្យសម្តីគ្នា រហូតព្រួតវា.យតៃកុងត្រាក់ទ័ររូបនោះបែកក្បាលសន្លប់ធំតែម្តង ហេតុការណ៍នេះកើតឡើងនៅភូមិសាស្ត្រឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
តាមការអោយដឹងពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្លុក ស្រុកសេសាន បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកសារព័ត៌មានចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ គឹម ដែន មិនមានអង្គភាពសារព័ត៌មានច្បាស់លាស់ និងម្នាក់ទៀតឈ្មោះ អ៊ុន គា កាន់គេហទំព័រ «កូនខ្មែរម្ចាស់ប្រទេស» បាននាំគ្នាទៅជំរិតទារលុយពីតៃកុងត្រាក់ទ័រម្នាក់ដែលកំពុងរុញភ្ជួរដីដាំដំឡូងចំនួន៤លានរៀល។ ក្រោយពីទាមទារមិនបាន និងប៉ះពាក្យសម្តី ហើយក៏ប្រវា.យប្រតប់គ្នាបន្តិចបន្តួច លុះមួយសន្ទុះក្រោយមក អ្នកសារព័ត៌មានទាំង២នាក់នោះក៏លើកគ្នីគ្នាមកចាប់តៃកុងត្រាក់ទ័រ ដោយយកក្រមាចងស្លាបសេកទៅក្រោយ រួចព្រួតវា.យនឹងព្រនង់រហូតសន្លប់ធំ និងបែកក្បាលតែម្តង។
នគរបាលប៉ុស្តិ៍ អោយដឹងបន្តថាជនរងគ្រោះខាងលើមានឈ្មោះ សៀ រ៉ូ ប្រកបរបរបើកបរត្រាក់ទ័រ មានទីលំនៅស្រុកថាឡាបរិវ៉ាត់ បានរងរបួសធ្ងន់ក្នុងសកម្មភាពហិ.ង្សាដោយចេតនា នៅចំណុចភូមិសាស្ត្រឃុំភ្លុក ស្ថិតក្នុងស្រុកសេសាន។ ទាក់ទិនករណីខាងលើនេះ គឺផ្តើមចេញពីការដើរជំរិតទារលុយពីអ្នកបើកត្រាក់ទ័ររុញភ្ជួរដី។
តាមការអោយដឹងបន្ថែមថា ក្រុមសារព័ត៌មានត្បាញអាយមួយក្រុមខាងលើនោះអត់មានអង្គភាព អត់មានអ្នកស្គាល់ទេ តែងតែដើរបង្កការអុកឡុក និងជំរិតទារលុយពីប្រជាពលរដ្ឋដែលមានគ្រឿងចក្រ ក្នុងចំនួនទឹកប្រាក់រាប់លានរៀល ដោយប្រើប្រាស់កលល្បិចយកឈ្មោះស្នងការរង និងតួនាទីព្រះរាជអាជ្ញា ទៅគំរា.មកំហែងម្ចាស់គ្រឿងចក្រ។ ជាក់ស្តែងកាលពីថ្ងៃទី៦ ខែមេសានេះ មានឈ្មោះ គឺម ដែន និងឈ្មោះ អ៊ុន គា និងបុគ្គលមន្ត្រីអង្គការម្នាក់ទៀត បានទៅជំរិតទារលុយពីឈ្មោះ តុល ជាម្ចាស់ត្រាក់ទ័រភ្ជួរដីចំនួន៣០០ដុល្លាអាមេរិក។
ចំណែកលោក តុល បានប្រាប់ថា ពួកគេមានគ្នា៣នាក់មកជំរិតទារលុយគាត់ឆៅៗតែម្តង។ គាត់បន្តថា ក្នុងមួយៗថ្ងៃ គាត់រកចំណូលស្ទើរមិនបាន១០០ដុល្លារផង តែពួកសារព័ត៌មានមួយក្រុមនោះ ទារឡើងរាប់រយរាប់ពាន់ ឈឺចិត្តណាស់។ តែបើមិនអោយខ្លាចមានរឿង ព្រោះពួកគេថា ព្រះរាជអាជ្ញា មកដល់ឥឡូវហើយ ដូច្នេះមានតែប្រឹងរកលុយអោយពួកគេ។
Picture
តាមប្រភពព័ត៌មានប្រាប់ឱ្យដឹងថា ក្រុមសារព័ត៌មានត្បាញអាយទាំងនោះ បន្ទាប់ពីញ៉ាមជំរិតទារលុយគេបានបន្តបន្ទាប់ នៅថ្ងៃព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ ក៏បានទៅជំរិតទារលុយពីម្ចាស់ត្រាក់ទ័រផ្សេងទៀតចំនួន៤លានរៀល ក្រោយពីទាមទារពុំបាន ក៏ប៉ះពាក្យសម្តី រហូតឈានដល់ប្រើអំពើហិ.ង្សាតែម្តង។
បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសាលាឃុំភ្លុក ស្រុកសេសានហើយ និងសម្រាកព្យាបាលរបួសនៅផ្ទះរបស់ខ្លួន (ជនរងគ្រោះ) ផងដែរ៕