ជើងខ្លាំងបោះបាចគ្រាប់កាំភ្លើង ចូលក្នុងហាងកាត់សក់ និងគម្រាមបាញ់នៅ បឹងត្របែក ! សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ !
ភ្នំពេញ : ទីបំផុត ! សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយបុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់, តែកាំភ្លើងសៀតចង្កេះគំរាមបាញ់នោះ ជាកាំភ្លើងប្រើហ្គាស គ្រាន់តែគាត់មានគ្រាប់កាំភ្លើងមែនទែន៣គ្រាប់ ទៅបោះគំរាមគេ ហើយត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តាមរយៈវីដេអូឃ្លីប។
សូមបញ្ជាក់ថា, ទោះកាំភ្លើងហ្គាស ឬកាំភ្លើងគ្រាប់ពិតក៏ដោយ កម្លាំងសមត្ថកិច្ចបានអនុវត្តតាមច្បាប់ ដោយចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងគេហទំព័រ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំនេះ។
ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនទំនើងបានជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222។
របាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមន ដែលសារព័ត៌មាន ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្ដែក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅអន្ដរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។