សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជន ជនជាតិចិន(តៃវ៉ាន់) ម្នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ៤០ នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោក ឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបនៅចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងវត្ថុតាងមួយចំនួន។
លទ្ធផល :
ក.ឃាត់ខ្លួនជនសង្ស័យ ០១នាក់ :
-ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន(តៃវ៉ាន់)
ខ.ចាប់យកវត្ថុតាង ៖
-សារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ ក្រាម ។
-ទូរស័ព្ទ ១គ្រឿង
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ព័ត៌មានដែលជាប់ទាក់ទង