រាជធានីភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈ ថាទីតាំង យីហោ ក្រុមហ៊ុន ស៊ឹងវៃ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុងនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានបន្តចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង តែមិនឃើញមានដូចការចុះផ្សាយនោះឡើយ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានចាត់ឲ្យលោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៊ឹងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែមិនមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៉ីសងឡើយ។ ការចុះត្រួតពិនិត្យនេះអាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនឹងអនុវត្តតាមតិវិធីច្បាប់។
សូមបញ្ជាក់ថា ទីតាំងក្រុមហ៊ុន ស៉ឹងវៃ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាច្រើនលើកច្រើនសារមកហើយដែរបន្ទាប់ពីមានបណ្ដាញសង្គមក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ក្នុងទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប៉ុន្តែអាជ្ញាធរចុះត្រួតពិនិត្យមិនមានអ្វីគួរឲ្យសង្ស័យ និងពាក់ព័ន្ធឡើយ។ ទោះជាយ៉ាងណាអាជ្ញាធរ នឹងឲ្យកម្លាំងជំនាញធ្វើការស៊ើបអង្កេតស្រាវជ្រាវ បន្តទៀត៕