ក្រុមវិនិយោគិនកូរ៉េ មកស្វែងរកឱកាសវិនិយោគលើវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា

ក្រុមវិនិយោគិនកូរ៉េជាច្រើនាក់ តាមរយៈគម្រោង «Task Project» បានមកស្វែងរកឱកាសវិនិយោគលើវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាមួយ ស្តីពី «កិច្ចសហប្រតិបត្តិការវាយនភ័ណ្ឌកូរ៉េ-កម្ពុជា» កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងរាជរដ្ឋាភិបាលកម្ពុជា គឺ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត ។

នៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំនៃគម្រោង «Task Project» បានលើកឡើងអំពីសាវតានិងវឌ្ឍនភាពនៅក្នុងការផ្តល់ជំនួយបច្ចេកទេសដល់សហគ្រិនវិស័យឧស្សាហកម្មរោងចក្ររយៈពេល៣ឆ្នាំ កន្លងមកនេះ ដែលទទួលបានលទ្ធផលជាទីមោទនៈ ។

ថ្នាក់ដឹកនាំនៃគម្រោង «Task Project» បន្តទៀតថា ក្រុមបច្ចេកទេសក៏បានបង្ហាញអំពីបច្ចេកវិទ្យាដែលទំនើបជួយដល់អាជីវកម្មក្នុងសម័យឌីជីថលនេះផងដែរ ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃគម្រោង «Task Project» ក៏បានប្រាប់អំពីគន្លឹះយុទ្ធសាស្ត្រទីផ្សារជាច្រើនផងដែរ ដើម្បីធ្វើយ៉ាងណាអោយការវិនិយោគទទួលបាននូវភាពជោគជ័យ និង គ្មានហានិភ័យ សម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់។

ដោយឡែក ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងបញ្ហាជាច្រើន ជាពិសេសលក្ខខណ្ឌទាំងឡាយក្នុងការវិនិយោគនៅកម្ពុជា ដោយទទួលបានការគាំពារដោយច្បាប់ពេញលេញ សម្រាប់អ្នកវិនិយោគពិតប្រាកដ ។

ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា ក៏បង្ហាញអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលសម្រាប់អ្នកវិនិយោគផងដែរ ដើម្បីសម្រួលដល់លក្ខខណ្ឌទាំងឡាយ ក៏ដូចលក្ខណៈងាយស្រួលមិនស្មុគស្មាញ នោះទេ ។

ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាននៃក្រសួងការងារ ក៏បានលើកឡើងអំពីច្បាប់ស្ដីពីការងារនៅកម្ពុជា ហើយក៏បានចូលរួមជំរុញលើកទឹកចិត្ត អោយមានការវិនិយោគក្នុងប្រទេសកម្ពុជា អោយបានកាន់តែច្រើនផងដែរ ដើម្បីធ្វើអោយពលរដ្ឋកម្ពុជាមានការធ្វើកាន់តែច្រើនឡើងៗ និង កាត់បន្ថយភាពក្រីក្រ ។

យ៉ាងណាមិញ លោក លី សំណាង អគ្គនាយកក្រុមហ៊ុន អប្សរា រ៉េស៊ីដិន ដែលកំពុងអភិវឌ្ឍន៍រោងចក្រនិងលំនៅឋានជាច្រើននៅកម្ពុជា ក៏បានបង្ហាញនូវការអរគុណ ក្រុមអ្នកវិនិយោគិនកូរ៉េ ស្ថាប័ន វិទ្យាស្ថាន ដាយធិច គម្រោង «Task Project» ដែលបានផ្តល់នូវជំនួដល់កម្ពុជា នាពេលកន្លងមក ។

លោក លី សំណាង សង្ឃឹមថា មិនត្រឹមតែក្រុមអ្នកវិនិយោគិនកូរ៉េ ប៉ុណ្ណោះទេ ដែលមកសិក្សាស្វែងយល់ពីការវិនិយោគនៅកម្ពុជា ពោលគឺ គ្រប់ប្រទេសនឹងអាចមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈកម្ពុជា ជាប្រទេសមានសន្តិភាពពេញបរិបូរណ៍ និង កំណើនសេដ្ឋកិច្ចកើនជាប្រចាំឆ្នាំ ក្រោមការដឹកនាំប្រទេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ជាសរុបមកវិញ ឃើញថា អ្នកមកចូលរួមក្នុងសិក្សាសាលាដ៏មានសារៈសំខាន់នាពេលនេះ គឺ ម្នាក់ៗពិតជាទទួលបានចំណេះដឹង បទពិសោធន៍ល្អ ជាពិសេស គឺ យល់ច្បាស់ពីការលក្ខខណ្ឌ នីតិវិធីទាំងឡាយនៃការវិនិយោគនៅកម្ពុជាតែម្តង ៕

ព័ត៌មានដែលជាប់ទាក់ទង