ដើមឆ្នាំថ្មី ឆ្នាំ២០២៤ នេះ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ហៅកាត់ថា «សសយសស» បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំ នៅទីស្នាក់ការថ្មី ក្នុងខណ្ឌកំបូល ដើម្បីពង្រឹងការងារឡើងវិញ ឆ្ពោះទៅកាន់គោលដៅរបស់សមាគម ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយតម្លៃសារព័ត៌មាន ស្របតាមទិសដៅរបស់ក្រសួងព័ត៌មាន ។
ក្នុងកិច្ចប្រជុំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ លោក មីន ចាន់ធី ប្រធានសមាគម បានលើកឡើងអំពីបញ្ហាជាច្រើនដែលសមាគមបានជួបប្រទះ នាពេលកន្លងមក ទាំងចំណុចវិជ្ជមាន និង អវិជ្ជមាន ដើម្បីធ្វើការកែសម្រួលឡើងវិញ ធ្វើយ៉ាងណាអោយ សមាគម កាន់តែរីកចម្រើនបន្តទៀត ។
បើតាមប្រធានសមាគមរូបនេះ , ក្នុងរយៈពេលជាង១ឆ្នាំមកនេះ គឺ សមាគមបានធ្វើកិច្ចការជាច្រើន ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល ការងារសង្គម និង អនុវត្តបានយ៉ាងល្អ ចំពោះការណែនាំរបស់ក្រសួងមហាផ្ទៃ និង ក្រសួងព័ត៌មាន ព្រមទាំងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដើម្បីបំពេញការងារភារកិច្ចរបស់សមាគមស្របតាមផ្លូវច្បាប់ ។
ប្រធានសមាគម លោក មីន ចាន់ធី អះអាងថា បច្ចុប្បន្ននេះ សមាជិកនៃសមាគមមានរាប់រយនាក់ ដែលកំពុងបំពេញការងារបានល្អយ៉ាងប្រសើរ ជាពិសេស គោរពនិងអនុវត្ត តាមការណែនាំរបស់សមាគម ដោយមិនធ្វើអោយខូចតម្លៃនៃក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន នោះទេ ។
លោក មីន ចាន់ធី បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងអោយកាន់តែល្អប្រសើរបន្ថែមទៀតចំពោះ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ចូលរួមកាន់តែទូលំទូលាយគ្រប់សកម្មភាពក្នុងការផ្សព្វផ្សាយសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ការរីកចម្រើន ជាពិសេស រួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយព័ត៌មានពិត ដើម្បីជាតិយើងនិងប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕