ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ថ្លើមធំ ហ៊ានខ្ចីរថយន្តរបស់ព្រះចៅអធិការវត្ត រួចបែកគំនិតយកទៅលក់ តែទីបំផុតត្រូវព្រះចៅអធិការបានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនបង្ក និងឱ្យទៅយករថយន្តនោះមកប្រគេនព្រះអង្គវិញ កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៤។
ជនសង្ស័យឈ្មោះ សែស ហាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបើកបរគ្រឿងចក្រកាយដីលក់ មានទីលំនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ជនសង្ស័យបានទៅខ្ចីរថយន្តមួយគ្រឿងម៉ាកLEXUS RX300 ពណ៌ទឹកមាស ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2L 8710 ពីចៅព្រះអធិការវត្ត ព្រះនាម ខាន់ ឡឹង ព្រះជន្ម៥១វស្សា គង់នៅវត្តស្វាយអណ្ដែត ស្ថិតក្នុងភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ថាយកជិះទៅលេងផ្ទះបងប្អូន ។ លុះដល់ល្ងាចថ្ងៃដដែលនោះ ជនសង្ស័យរូបនោះបានយករថយន្តរបស់ព្រះចៅអធិការទៅលក់ឱ្យអ្នកដទៃ ជាកសិកររស់នៅភូមិត្រពាំងវែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ក្នុងតម្លៃ៨.០០០ដុល្លារអាម៉េរិក ។
ពេលភ្លាមនោះព្រះចៅអធិការមិនបានដឹងថា ជនសង្ស័យយករថយន្តរបស់ព្រះអង្គទៅលក់នោះទេ ហើយចេះតែទារយករថយន្តពីជនសង្ស័យមកវិញ ដល់ពេលជនសង្ស័យមិនឱ្យ និងស៊ើបដឹងថារថយន្តត្រូវជនសង្ស័យលក់បាត់ ទើបព្រះអង្គសម្រេចព្រះទ័យដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់លើជននោះ ។
ក្រោយពីមានពាក្យបណ្ដឹងរបស់ព្រះសង្ឃចៅអធិការវត្ត លោកឧត្តមសេនីទោស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជាទៅលោកស្នងការរងទទួលនគរបាលផែនយុត្តិធម៌ ដើម្បីប្រើប្រាស់កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ បើកការអង្កេតលើករណីខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តតាកែវ ទើបនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង រថយន្តរបស់ព្រះចៅអធិការ១គ្រឿងនោះ មកប្រគេនព្រះអង្គវិញ ។ ចំណែកជនសង្ស័យសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕