ព្រៃវែង : បច្ចុប្បន្ននេះ គេសម្គាល់ឃើញថាភាគច្រើនមានឈ្មួញអ្នកមានលុយកាក់មួយចំនួន បាននឹងកំពុងប្រើរូបភាពផ្សេងៗគ្នា ដើម្បីបំភាន់ភ្នែកមហាជនជាច្រើន នឹងនាំឱ្យធ្លាក់ល្បួងរងគ្រោះដល់ពលរដ្ឋ ខណៈចាញ់ល្បិចឃោសនារបស់ឈ្មួញទាំងនោះ បើទោះបីជាទីតាំងដីនោះមិនបានបំពេញតាមលក្ខខណ្ឌ និងនីតិវិធីស្របតាមផ្លូវច្បាប់ យ៉ាងណាក៏ដោយ ចំពោះករណីខាងលើនេះ គឺជាការបំពានច្បាប់នឹងឃុបឃិតជាប្រព័ន្ធជាមួយអាជ្ញាធរភូមិ.ឃុំ ។
ជាក់ស្ដែងមានទីតាំងដីមួយកន្លែង បាននឹងទទួលរងការចាក់ដី រំលោភដីចំណីបឹងឡូត៍នេសាទ ពីសំណាក់ឈ្មួញ ទី១ឈ្មោះ ហ៊ាង ផល្លី បូករួមហ៊ុនជាមួយ ឈ្មួញទី២ឈ្មោះ ឡាក់ ម៉េងធា សហការគ្នាចាក់ដីពុះជាដីឡូត៍ លក់ទៅឱ្យឈ្មួញទី៣ឈ្មោះងន់.ប៉ុណ្ណៈ ហៅ មុំ ។
បច្ចុប្បន្នទីតាំងដីនោះ បាននឹងកំពុងគ្រោងសាងសង់ជាផ្ទះត្រចៀកកម្ម ស្ថិតនៅ ភូមិព្រៃពោធិ៍ ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បើតាមប្រភពព័ត៌មានពីបណ្ដាមជ្ឈដ្ឋាននៅទីនោះបានឱ្យដឹងថា ទីតាំងដីនៅតំបន់នោះ គឺជាប់មាត់បឹងឡូត៍នេសាទ ភាគច្រើនគឺជាតំបន់ហាមឃាត់របស់រដ្ឋ មិនត្រឹមតែប៉ុណ្ណោះទៀតសោត ក៏មិនមានជនណាម្នាក់ ទទួលបានការអនុញ្ញតពីអាជ្ញាធរឱ្យសាងសង់លំនៅដ្ឋានរឹងមាំនោះបានដែរ ព្រោះថា តំបន់នោះជាតំបន់មួយដែលជាចំណីបឹងនេសាទឬឡូត៌លេខ១ ហើយក៏ជាដែនទឹកអភិរក្សរបស់ជលផល ប្រភពច្បាស់ការមួយបានខ្សឹបប្រាប់ថា ឈ្មួញអ្នកមានអំណាចលុយកាក់ខាងលើ បានព្យាយាមរត់ការឃុបឃិតជាប្រព័ន្ធ ប៉ុន្តែនៅក្នុងប្រព័ន្ធឃុបឃិតនោះគេឃើញវត្តមានមេភូមិ និងមេឃុំលោក អោម សារ៉ាន់ តែប៉ុណ្ណោះ ដែលហ៊ានចុះហត្ថលេខាលើលិខិតឈ្មួញលក់ទិញនោះ រីឯចំណែក ការទទួលស្គាល់ពីអាជ្ញាធរស្រុក ខេត្តឬជំនាញមួយចំនួន ហាក់បីដូចជាមិនមានឯកភាព នឹងចូលដៃជើងជាមួយឈ្មួញខាងលើនោះឡើយ នេះបើតាមឱ្យដឹងពីប្រភពច្បាស់ការក្នុងស្រុក ។
ទាក់ទិនបញ្ហាខាងលើ លោក ម៉ោកប្រធានការិយាល័យភូមិបាល ស្រុកស៊ីធរកណ្ដាល បានផ្តល់បទសំភាសន៍ឱ្យដឹងតាមរយះទូរស័ព្ទថា ពាក់ព័ន្ធការលក់ដូរទីតាំងដី ឬឈានដល់រៀបគ្រោងការសាងសង់សំណង់រឹងផ្ទះត្រចៀកកម្ម លោកមិនទាន់បានទទួលដឹងព័ត៌មានជាក់ល័ក្ខនៅឡើយនោះទេ ប៉ុន្តែបើសិនជាឈ្មួញទាំងនោះឈានដល់ការលក់ដូរទីតាំងដីឬបើកគម្រោងសាងសង់មិនមានផ្អែកលើគតិយុតច្បាប់ឱ្យបានត្រឹមត្រូវនោះទេ វាស្មើនឹងឈ្មួញនោះបាននឹងកំពុងប្រព្រឹត្តល្មើសនឹងច្បាប់ហើយ នេះបើតាមសម្ដីលោកប្រធានភូមិបាលស្រុកស៊ីធរកណ្ដាល ។