សម្តេចមហាបវរធិបតី៖ ការសិក្សាស្រាវជ្រាវ និង ចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុន ដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្សក្បាច់គុន ដូនតាខ្មែរឱ្យបានគង់វង្ស
(រាជធានីភ្នំពេញ):សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវីជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប ឯកឧត្តម ថោង ខុន ទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតា ខ្មែរ បានគោរពរាយការណ៍ជូនសម្តេចបររធិបតីអំពី វឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុន ដូនតាខ្មែរ ដោយគណៈកម្មការបានសម្រេចការងារសំ ខាន់ៗមួយចំនួន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញ ស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតា ខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់ សម្រាប់ជាមូលដ្ឋាន នៃការស្រាវជ្រាវ និងប្រភពរូបី ដែលមានសាស្ត្រា ស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាម ប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត និង មន្តអាគមជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន គោរពជម្រាបជូនសម្តេចបររធិបតី អំពីការត្រៀមរៀបចំ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់ សម្តេចធិបតី» លើកទី២ ដែលគ្រោងរៀបចំនៅចុង ឆ្នាំ២០២៥។
ជាការឆ្លើយតប សម្តេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់ គណៈកម្មការស្រាវជ្រាវ ដែលបានខិតខំនាពេល កន្លងមក និងបានគូសបញ្ជាក់ថា យុទ្ធគុនដូនតាខ្មែរ ដែលបានរក្សាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ មាន ភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវខិតខំស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យ មាននិរន្តរភាព និងបន្តតជំនាន់។ សម្តេចបវរធិបតីបាន សង្កត់ធ្ងន់ផងដែរថា ការសិក្សាស្រាវជ្រាវនេះ គឺត្រូវធ្វើ យ៉ាងណាឱ្យមានភាពសុក្រឹត និងច្បាស់លាស់ដោយ ផ្អែកលើតឹកតាងប្រវត្តិសាស្ត្រ ព្រោះនេះជាឯកសារ ផ្លូវការដ៏មានសារៈសំខាន់បំផុតដែលចងក្រងអំពីយុទ្ធ គុនដូនតាខ្មែរ។
ជាមួយគ្នានេះ គណៈកម្មការត្រូវសិក្សាស្រាវជ្រាវ និង កំណត់អត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុននី មួយៗ ដើម្បីសង្គ្រោះយុទ្ធគុនដូនតាខ្មែរដែលបាន បាត់បង់, ជិតនឹងបាត់បង់ ក៏ដូចជាអភិរក្សយុទ្ធគុន ដូនតាខ្មែរដែលកំពុងមានការរីកចម្រើននាពេល បច្ចុប្បន្ន។
សម្តេចបររធិបតីបានលើកទឹកចិត្តដល់គណៈកម្មការ បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវ ប្រភេទយុទ្ធគុណដូនតាខ្មែរ ដ៏សម្បូណ៌បែប។ ចំពោះការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរ បុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥នេះ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យ គណៈកម្មការ រៀបចំនីតិវិធីនៃការប្រកួតឱ្យកាន់តែ ល្អប្រសើរ និង ជំរុញការចូលរួមឱ្យបានទូលំទូលាយ ពីគ្រប់ប្រភេទយុទ្ធគុនខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ បានយល់ដឹងកាន់តែច្រើន អំពីមរតកយុទ្ធគុនដូនតា ខ្មែរយើង៕
ផ្សាយ:ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ចេញពី:AKP
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)