ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហោះ សារពិសេសអំពីវីរភាពសម្តេចតេជោ សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត
ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធាន
គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារ ស្រេចឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្តី ក៏នោះ ជាសណ្តានស្មោគគ្រោករបស់បុគ្គលជ្រុលនិយមមួយក្តាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គោរពស្រឡាញ់ គាំទ្រ ការពារលោកយ៉ាងច្រើនលើសលប់នោះ និងថែមទាំងហៅ លោកថា «សម្តេចពុកៗ» ពោរពេញទៅដោយអត្ថន័យយ៉ាង ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌។
ក្នុងមួយជីវិតរបស់លោក សម្តេចតេជោ លោកបានលះបង់ ភាពជាយុវវ័យ លះបង់ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន បណ្តេញនិងកម្ទេចក្រុមបដិវត្តន៍ពណ៌ខ្មៅ «របបប៉ុល ពត»
នាំមកវិញនូវសិទ្ធិរស់រានមានជីវិត ស្តារជីវភាពសង្គម ចាត់ចែង ឱ្យមានរបបកម្មសិទ្ធិឯកជន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុង ប្រទេស ទាំងដៃម្ខាងទប់ទល់នឹងការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងជ្រោមសេដ្ឋកិច្ចផងទប់សម្ពាធនយោបាយការបរទេសផង និងដៃម្ខាងដង្ហើយហៅរកការផ្សះផ្សារបង្រួបបង្រួមជាតិជាមួយ ភាគីខ្មែរតស៊ូតាមបណ្តាជាយដែនផង រហូតលេចចេញជាកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ជាពិសេសជាងនេះ សម្តេចបានដាក់ចេញ «នយោបាយ ឈ្នះ-ឈ្នះ» ដោយប្រើជីវិតធ្វើដើមទុនម្តងទៀត ចូលទៅកាន់ តំបន់គ្រប់គ្រងដោយខ្មែរក្រហម រហូតធ្វើឱ្យកម្ពុជាទទួលបាន សន្តិភាសពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មកទល់នឹង បច្ចុប្បន្ននេះ។ មិនអាចបដិសេធបានទេ ទម្រាំមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងជារដ្ឋពេញលេញស្របច្បាប់ស្មើភាព គ្នាលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ មកដល់ពេលនេះ មានសំណង់អគារខ្ពស់ៗ ស្ពានអាកាសឆ្លងផ្លូវ ផ្លូវក្រោមដីឆ្លងថ្នល់ ស្ពានអាកាសសម្រាប់យានយន្តធ្វើដំណើរ និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ទោះជាមិនដល់កម្រិតមហាអំណាចឬប្រទេសជឿនលឿន ដែលគេដើរមុន គេគ្មានសង្គ្រាម តែប្រជាពលរដ្ឋយើងអាច រស់នៅបានសមរម្យថ្លៃថ្នូរ និងបន្តអភិវឌ្ឍន៍ទៅមុខទៀត ក្រោម ការដឹកនាំប្រកបដោយប្រតិភាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា។
ជារួម កម្ពុជារីកចម្រើនមកដល់ពេលនេះ កើតចេញអគ្គមគ្គុ ទេសន៍របស់សម្តេចតេជោ និងឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត ជាប្រតិបត្តិករ។ ពោលគឺ សម្តេចតេជោ លោកឆ្លងកាត់១០៥សមរភូមិ ដើម្បីសន្តិភាព បង្រួបបង្រួប ផ្សះផ្សា អភិវឌ្ឍន៍សង្គម និងឆ្លងកាត់គ្រប់រសជាតិជីវិត រហូតពេលខ្លះ លោកទទួលទានទឹកមូត្រ «ទឹកនោម»ខ្លួនឯងដើម្បីបន្តជីវិត។ លោកទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោ។ លោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូ ឬបេតុងក្នុង សម័យសន្តិភាពនេះ។ លោកដើរឆ្លងគ្រោះច្រើនជាងយើង ដើរកាត់លាភ។ សម្រាប់ខ្ញុំ ក៏មិនខុសពីជនរួមជាតិកម្ពុជាដ៏ ច្រើនលើសលប់ឯទៀតដែរ មើលឃើញ និងតម្កល់គុណូបការៈ សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព បង្រួបបង្រួមផ្សះផ្សា ជាតិ តាមនយោបាយ «ឈ្នះ-ឈ្នះ»។
លោកជាអគ្គមគ្គុទេសន៍ ស្តារ យើង និងអភិវឌ្ឍន៍ហេដ្ឋាសម្ព័ន្ធរូបវន្តឥតគណនាសម្រាប់ជាតិ និងជាអគ្គមគ្គុទេសន៍រក្សាស្ថេរភាពនិងកំណើតសេដ្ឋកិច្ច ជាពិសេសរក្សាលំនឹងជីវភាពប្រជាជន និងសង្គមទាំងមូល។ លោកមិនដែលប្រាសអាយូស និងស៊ូៗមិននឿយនឹងការលំបាក មិនអាត្មានិយម គឺយកប្រជាជននិងជាតិត្រីមុខ។
ជាថ្មីម្តងទៀត យើងទាំងអស់គ្នា ឈរក្នុងស្មារតីរឹងមាំជាកម្លាំង សាមគ្គីធ្លុងមួយ ពួនជ្រុំដាក់ជីស្រោចទឹកថែរក្សាការពារជាប្រចាំ ថ្ងៃ ដើមឈើដ៏ធំមួយដើមឈ្មោះ «សម្តេចតេជោសែន» ដើម្បីបន្ត ផ្តល់ម្លប់ពោធិ៍ដ៏ត្រជាក់ត្រជុំដល់យើង តាមទស្សនៈសម្តេច «ពីដើមឈើមួយដើមទៅជាព្រៃ» ដែលសម្តេចតែងតែប្រមូលផ្តុំ កម្លាំងគ្រប់មជ្ឈដ្ឋានមកផ្តុំគ្នា មិនឱ្យបែកខ្ញែកគ្នា តាមទស្សនៈថា «ដើមឈើមួយដើមធំទាល់តែខ្ចីដៃគ្នាឱបទើបជុំ» ខុសពីក្រុម ជ្រុលនិយម «មួយទូកត្នោត»។ និយាយឱ្យខ្លី [កំណើតរបស់ សម្តេចតេជោ ជាកំណើតរបស់ប្រជាជន និងប្រទេសជាតិរបស់ យើង!]។ សម្តេចស្រក់ឈាមក្នុងសម័យសង្គ្រាម ដើម្បីសន្តិភាព!
លោកស្រក់ញើសក្នុងសម័យសន្តិភាព ដើម្បីជីវភាពប្រជាជន និងសង្គម។ ដូចគ្នាដែរ យើងទាំងអស់គ្នា ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប បន្តជ្រោមជ្រែងថែរក្សាការពារ ផ្ទះថ្មីលើដែនដីចាស់ ដែលមានសរសរកន្លោងដ៏រឹងមាំមួយដើម ឈ្មោះ«សម្តេចធិបតី» តាមទស្សនៈ«រូបរួមគ្នាដើម្បីកម្ពុជា រុងរឿង»។ យើងទាំងអស់គ្នា ជឿជាក់ គាំទ្រ ថែរក្សាការពារ ជ្រោមជ្រែង សម្តេចតេជោ សម្តេចធិបតី! ខ្មែរសាមគ្គីខ្មែរឈ្នះ!
ផ្សាយ:ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភព:ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)