រាជធានី ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារចំៗទៅកាន់លោកបណ្ឌិត មាស នី និងលោកសេង សារី ដែលជាអ្នកវិភាគស្ថានភាពនយោបាយនៅកម្ពុជា ថាឱ្យប្រុងប្រយ័ត្នចំពោះការវិភាគរបស់ខ្លួន ពិសេសការវិភាគអំពីរឿងចិនជួយដល់កម្ពុជា ។
ការផ្ញើសារចំឈ្មោះអ្នកវិភាគទាំងពីរ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយសម្តេចបញ្ជាក់ថាអ្នកវិភាគទាំងពីរ ឱ្យតែនិយាយរឿងចិន គឺគាត់វិភាគមិនពេញចិត្តតែម្តង ។ ជាក់ស្តែង លោក មាស នី បានវិភាគអំពីប្រសាសន៍របស់សម្តេចតេជោនាពេលកន្លងមក ដែលសម្តេចតេជោ បានលើកឡើងថា បើមិនឲ្យសម្តេចពឹងចិនតើទៅពឹងអ្នកណា ។
លោក មាស នី ត្រូវបានស្រង់សម្តីវិភាគថា «សម្តេចនិយាយថា ទៅពឹងចិននេះមិនសមស្របតាមស្ថានការណ៍» ។ ចំណុចនេះ សម្តេចតបទៅ លោក មាស នីថា ឲ្យតែសម្តេចនិយាយជាមួយចិនគឺខុសទាំងអស់។ ចំណែកលោក សេង សារី ដែលជាអ្នកវិភាគជំនាន់ថ្មី ក៏បានបញ្ចេញយោ បល់ខ្លួនជាហូរហែរលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ អ្វីដែលសំខាន់លើកឡើង គឺត្រង់លោកគាំទ្រការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់លោក សម រង្ស៊ីនូវចំណុច៦ ។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឲ្យក្មេង ពី៦ទៅ១២ឆ្នាំនាថ្ងៃ១៧ កញ្ញាឆ្នាំ២០២១សម្តេចតេជោបានគូស បញ្ជាក់យ៉ាងដូច្នេះថា “មាស នី ឲ្យតែយើងធ្វើអីជាមួយចិនគឺខុសទាំងអស់ ដោយយើងផ្អាកជាមួយប្រទេសផ្សេងទាំងអស់ តែយើងអត់ផ្អាកចិន គាត់(មាស នី)ថ្នាំងថ្នាក់” ។ សម្តេចតេជោបន្តថា “បើផ្អាកចិន គឺបិទច្រមុះខ្លួនឯង គឺច្រកមានចិន និងកូរ៉េ ។ បណ្ឌិតមានសិទ្ធិបញ្ចេញមតិហើយ តែបណ្ឌិតគួរកុំព្រហើនពេកលើបញ្ហានយោបាយការបរទេស”។
សម្តេចតជោបន្តថា ប្រជាធិបតេយ្យលើការបញ្ចេញ គឺអស់លោកបាននិងកំពុងបញ្ចេញ ហើយតែពួកគេនៅទាមទារអ្វីទៀត ។ ចំពោះលោកបណ្ឌិត សេង សារី សម្តេចតេជោ បានអះអាងថា លោក សេង សារី នេះ គឺសម្តេចធ្វើអ្វីក៏មិនដែលត្រូវចិត្តលោកទេ គឺលោក មើលមកសម្តេចខុសរហូតរ ។ សម្តេចបន្តថា លោក សេង សារី ក៏មានដីការចាប់ខ្លួនដែរ ដោយសារតែលោក គាំទ្រនូវ៦ចំណុចដើម្បីឲ្យលោក សម រង្ស៊ីមានគម្រោងបង្កើតរដ្ឋាភិបាលរួបរួមជាតិ ។
សម្តេចបានផ្ញើសារថា បើក្រុមលោកបណ្ឌិតវិភាគអ្វីហើយសូមវិភាគឲ្យបានត្រឹមត្រូវផង ធ្វើយ៉ាងណាកុំបន្សល់គន្លងចូលគុក។ បើតាមការបញ្ជាក់សម្តេច លោក សេង សារី គឺបច្ចុប្បន្នកំពុងនៅថៃ ។ សម្តេចនាយក រដ្ឋមន្ត្រីបញ្ជាក់ថា “ឲ្យតែទាក់ទងជាមួយចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រ ទេសត្រូវតែចាប់ ខ្លួន បើមិនចាប់ខ្លួនមិនមែនរដ្ឋាភិបាលទេ ។ សូមកុំឲ្យចូលទៅក្នុងគន្លងចូលគុក មិនមែនជាសិទ្ធិបញ្ចេញមតិទេ ព្រោះតែហៅថា រដ្ឋាភិបាល ឬចលនាគឺសុទ្ធតែឧទ្ទាមប្រដាប់អាវុធ” ។
សម្តេចថា “ចាប់វាមកសួរមើលតើ៦ចំណុចហ្នឹង ជាលក្ខខណ្ឌបង្កើតរដ្ឋាភិបាលក្រៅ ប្រទេសហ្អែងលើកទឹកចិត្តឲ្យបង្កើត ។ ហ្អែងបង្កើត ហ្អែងគុក ។ មិនមែនត្រឹមតែគុកទេណា ដែលហៅថា ចលនាឧទ្ទាមគេបាញ់ផង គេឃើញគេបាញ់” ។ ចំពោះការលើកឡើងបញ្ហាជាមួយចិនវិញ សម្តេចបកស្រាយថា បើមិនឲ្យសម្តេចទៅពឹង ចិនមិនឲ្យពឹងអ្នកណា គឺពួកគេបែរជាមកហាម នាយករដ្ឋមន្ត្រី មិនឲ្យនិយាយទៅវិញ។ ជាមួយគ្នានេះ សម្តេចថា សម្តេចក៏មានសិទ្ធិនិយាយទៅកាន់ភាគីជប៉ុនដូចករណី និយាយទៅចិនដែរ ៕