ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល បានសំដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះ ក្រុមហ៊ុន Baray Global Managementព្រមទាំងស្នើ ដល់ក្រុមហ៊ុនបន្តកិច្ចសហការឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយប្រជាកសិករក្នុងខេត្តកណ្តាល ក្នុងការទទួលផលិតផល កសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។

(ខេត្ត​កណ្តាល)​:ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល បានសំដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះ ក្រុមហ៊ុន Baray Global Management ដែលមានស្នាក់ ការកណ្តាល និងបានវិនិយោគនៅខេត្តកណ្តាល ព្រមទាំងស្នើ ដល់ក្រុមហ៊ុន បន្តកិច្ចសហការឈានដល់ការចុះកិច្ច ព្រមព្រៀង ជាមួយប្រជាកសិករក្នុងខេត្តកណ្តាល ក្នុងការ ទទួលផលិតផល កសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត កណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល បានសំដែងការគាំទ្រ និងស្នើបែបនេះ ក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ច ក្រោម ប្រធានបទ ៖ មូលដ្ឋានគ្រឹះ ក្នុងការបង្កើនសមត្ថភាព ការផលិត ស្របតាមបច្ចេកវិទ្យា ឧស្សាហកម្ម ៤.០ នារសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន Baray Global Management ស្ថិតនៅផ្លូវជាតិ លេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការផ្តួចផ្តើមបង្កើតក្រុមហ៊ុន Baray Global Management ក្នុងតំបន់សួនបណ្ដុំ សហគ្រាសធន់តូច និងមធ្យម ស្តែងចេញអំពីគោលបំណង ក្នុងការកៀងគរប្រមូលផ្តុំការវិនិយោគ ដែលបង្កើតបានជា ប្រព័ន្ធ ប្រតិបត្តិការវិស័យសិប្បកម្មស្របតាមស្តង់ដា ឧស្សាហកម្ម ការបង្កើនច្រវាក់ផលិតកម្ម ការកែច្នៃផលិតផល កសិកម្មក្នុងស្រុក តាមរយៈការលើកកម្ពស់ស្តង់ដារផលិតផល ហាឡាល់ គាំពារហិរញ្ញវត្ថុ ការជម្រុញការនាំចេញទៅ ក្រៅប្រទេស និងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង តំបន់។

ឯកឧត្តម បន្ថែមថា៖ ការបង្កើតក្រុមហ៊ុន Baray Global Management គឺបានរួមចំណែកសម្រេចគោលដៅរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបររ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសព្វ និងឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆិតាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យប្រែក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។

លោក អ៊ឹម វិបុល ប្រធានគ្រប់គ្រងក្រុមហ៊ុន បានអោយដឹង ថា៖ ក្រុមហ៊ុន Baray Global Management បង្កើតការ អភិវឌ្ឍ និងវិនិយោគផលិតផលឧស្សាហកម្ម និងចំណីអាហារ ហាឡាល់ដំបូងគេនៅកម្ពុជា ទាក់ទាញបណ្តាក្រុមវិនិយោគិន ហាឡាល់អោយមកបោះទីតាំង ក៏ដូចជាបណ្តាក់ទុក ជំរុញ អោយឧស្សាហកម្ម ហាឡាល់កាន់តែផុសផុលបំរើអោយ វិស័យផលិតកាន់តែរីកចម្រើន ឈានទៅគ្រប់គ្រងវិនិយោគ សហគ្រាសអ្នកផលិត ពង្រីកទំនាក់ទំនងទីផ្សារអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

 

ផ្សាយ:ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដកស្រង់​ចេញពី​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង