ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុង ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គ ពណ្ណរាយណ៍ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង.
(ខេត្តកណ្តាល)៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គ ពណ្ណរាយណ៍ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ដោយមាន ការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១៣ សិស្សានុសិស្ស និង ពុទ្ធបរិស័ទជាច្រើនរូប។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ពិធីបុណ្យសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តអង្គ ពណ្ណរាយណ៍ ដែលកំពុងប្រារព្ធឡើងនាឱកាសនេះ គឺជា សមិទ្ធផលថ្មី ដែលបានបង្ហាញ ឱ្យឃើញពីការរីកចំរើនបន្ថែមទៀត ក្នុងពុទ្ធសាសនា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង នូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ការរីកចម្រើន នេះគឺពិតជាកើតចេញពីមូលដ្ឋានគ្រឹះដ៍សំខាន់នៃសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមអភិបាល បានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួម ថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះ ដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមាន សន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋ បានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានា ចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់ សន្តិភាព និងត្រូវចូលរួមគាំទ្រថែរក្សាសន្តិភាពជាមួយ
រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូត ដើម្បីភាពរីកចំរើន និងការ អភិវឌ្ឍកាន់តែខ្លាំងឡើងជាលំដាប់ ប្រសិនបើគ្មានសន្តិភាព គ្មាន ស្ថិរភាពនយោបាយ យើងមិនអាចកសាងសមិទ្ធផលនានា និង ជួបជុំគ្នាធ្វើបុណ្យទានសប្បាយរីករាយដូចថ្ងៃនេះបានទេ។
សូមបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវបានធ្វើពិធីសម្ពោធឆ្លងនាពេលនេះរួមមាន៖
១. ជួសជុលព្រះវិហារមានឈឿន ២ ជាន់ ដំបូលត្រៃសូរ្យ ប្រក់ក្បឿងស្រការលិញ មានបណ្តោយប្រវែង២៥,៣ ម៉ែត្រ ទទឹង ១៣,២ ម៉ែត្រ កម្ពស់ ២១ ម៉ែត្
រ២. កសាងគំនូរផុសជញ្ជាំងខាងក្រៅព្រះវិហារ ៦ ផ្ទាំង ស្មើនឹង ៩២៦ ម៉ែត្រការ៉េ
៣. ចាក់បេតុងបំពេញទីធ្លាក្នុងវត្តទំហំ ១ ៧១០ ម៉ែត្រការ៉េ
៤. ក្រាលឥដ្ឋកន្សែងជុំវិញព្រះវិហារទំហំ ៧១៥ ម៉ែត្រការ៉េ
៥. ក្រាលការ៉ូជុំវិញព្រះវិហារជាន់លើទំហំ ១០៥ ម៉ែត្រការ៉េ
៦. ជួសជុលខ្លោងទ្វារចំនួន ៤ ជុំវិញព្រះវិហារ
៧. ដងទង់ ១ គូ និងចាក់ដីបំពេញទីធ្លាក្នុងវត្តចំនួន ៣៤០ ឡាន។
ផ្សាយ:ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥
ដកស្រង់ចេញពី:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)