សេចក្តីបំភ្លឺព័ត៌មាន|ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការ ដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូន សាធារណជន និងបណ្តាញសារព័ត៌មានទៅនឹងផេកហ្វេសប៊ុកឈ្មោះ Video Funny ដែលបានបង្ហោះ វីដេអូ ករណីបុរសជនជាតិចិនម្នាក់ បានព្យាយាមលោតចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម អមដោយខ្លឹមសារថា៖ (ព័ត៌មានបឋម) នៅតាម បណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ យើងមិនទាន់ដឹងថានេះជាករណីអ្វីឱ្យពិតប្រាកដនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២:៣០នាទី ត្រូវនឹង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

(ខេត្ត​កណ្តាល)​:ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំង ជំនាញបានធ្វើការស្រាវជ្រាវទទួលបានលទ្ធផលដូច ខាងក្រោម៖

_ករណី៖ ចា.ប់ធំ.រិត.ទារ.ប្រាក់

-កើតហេតុ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលា ម៉ោង១៥:១០នាទី

-ចំណុច៖ ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

**ជនរងគ្រោះ ០១នាក់

-ឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខEN6418573 មាន សុពលភាពលិខិតឆ្លងដែន ២៣.០១.២០៣៥

សុពលភាពទិដ្ឋាការ ០២.០៤.២០២៥។

**ជនសង្ស័យចំនួន ០៤នាក់

-ជនជាតិខ្មែរ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស។

**ផលប៉ះពាល់

-បាត់ វ៉ាលីដាក់ខោអាវ ០១។

-បាត់ទូរសព្ទ ០១គ្រឿង។

**វត្ថុតាងចាប់យក

-គ្មាន។

**សភាពរឿងហេតុ

នៅអំឡុងឆ្នាំ២០១៦ ឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន បានចាកចេញ ពីប្រទេសចិន ទៅរស់នៅប្រទេសអូស្ត្រាលី ដើម្បី ប្រកបរបររកស៊ីលក់កញ្ចក់រថយន្តនៅទីនោះ ដែល មានជនជាតិអូស្ត្រាលី ភេទប្រុស ជាដៃគូរកស៊ី ត្រូវជាមិត្តភក្តិរបស់ខ្លួន។ នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ LIU SEN បានស្គាល់ឈ្មោះ FENG ZHIYE ភេទប្រុស ជនជាតិចិន តាមរយៈឈ្មោះ WANG JIANWEI ភេទប្រុស ជនជាតិចិន ដែល ជាមិត្តភក្តិជិតស្និតបានណែនាំ។ ឈ្មោះ LIU SEN បានទាក់ទងជាមួយឈ្មោះ FENG ZHIYE បាន រយៈពេល០៣ខែ ដោយឈ្មោះនេះបានព្យាយាម ពន្យល់និងលួងលោមឈ្មោះ LIU SEN ឱ្យមក រកស៊ីនៅប្រទេសកម្ពុជា ដោយឈ្មោះ FENG ZHIYE បានប្រាប់ថា ខ្លួននឹងបើកក្រុមហ៊ុន រកស៊ីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ តែមិនទាន់ ប្រាប់ថារកស៊ីអ្វីនោះទេ និងសន្យាថាឱ្យឈ្មោះ LIU SEN ឈរឈ្មោះជាតំណាងក្រុមហ៊ុន និងទទួល បានភាគលាភជាប្រចាំខែ។ ដោយមូលហេតុឈ្មោះ WANG JIANWEI ដែលជាមិត្តភក្តិជិតស្និតបាន ណែនាំ និងបានប្រាប់ថា ឈ្មោះ FENG ZHIYE ជាមនុស្សគួរឱ្យទុកចិត្តបាន ហើយឈ្មោះ FENG ZHIYE បាននិយាយលួងលោមបន្ថែមទៀតនោះ ទើបឈ្មោះ LIU SEN សម្រេចចិត្តមកប្រទេស កម្ពុជា។

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលា ម៉ោង២២:៥០នាទី ឈ្មោះ LIU SEN បានចាកចេញ ពីប្រទេសអូស្ត្រាលី ហើយបានមកដល់ប្រទេស កម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលា ម៉ោង១១:០០នាទី តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ នៅពេលមកដល់ ឈ្មោះ LIU SEN បានទាក់ទងទៅឈ្មោះ FENG ZHIYE ហើយឈ្មោះនេះក៏បានរៀបចំរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ធ្លាក លេខ ភ្នំពេញ 2BJ-5042 ដោយមានអ្នកបើកបរជា ជនជាតិខ្មែរម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស បានមកយកឈ្មោះ LIU SEN SEN ចេញពីអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅជួបជនជាតិចិន ម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ដែលជាដៃគូ រកស៊ីរបស់ឈ្មោះ FENG ZHIYE ។ នៅពេល ធ្វើដំណើរដល់ចំណុចមួយ នៅលើកំណាត់ផ្លូវក្រ វ៉ាត់ក្រុងទី៣ ក្បែរស្ពានអាកាសផ្លូវជាតិលេខ២ ក៏ មានបុរសជនជាតិខ្មែរចំនួន០៣នាក់ ឈរចាំនៅលើ ចិញ្ចើមផ្លូរក្នុងចំណុចខាងលើ ហើយបានលើកដៃ ហៅ ពេលនោះអ្នកបើករថយន្តបានឈប់ចតឡាន នៅលើចិញ្ចើមផ្លូវនោះ ស្រាប់តែបុរសជនជាតិខ្មែរ ទាំង០៣នាក់នោះ បានរត់ឡើងលើរថយន្តដោយ បុរសជនជាតិខ្មែរចំនួន០២នាក់ បានចាប់ដៃឈ្មោះ LIU SEN ទាំងសងខាង និងម្នាក់ទៀតបានធ្វើការ សង្កត់ពីលើដោយបានចាប់ក ព្រមទាំងបានប្រើ អំពើហិង្សា នឹងដកហូតយកទូរសព្ទរបស់ឈ្មោះ LIU SEN ទៀ ទៀតផង។ នៅពេលនោះ ឈ្មោះ LIU SEN បានរើបម្រាស់តបត ជាមួយបុរសជនជាតិខ្មែរ ទាំង០៣នាក់នោះ និងបានចុចបើកកញ្ចក់រថយន្ត ដោយព្យាយាមគេចខ្លួនតាមបង្អួច ហើយក៏បាន ធ្លាក់ពីលើរថយន្តតែម្តង។ នៅពេលដែលឈ្មោះ LIU SEN គេចខ្លួនបានសម្រេច ខ្លួនក៏បានរត់ចូល ហាងបាយមួយកន្លែងដើម្បី ឱ្យប្រជាពលរដ្ឋជួយ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចមកដល់និងបាននាំ ខ្លួនមកសាកសួរតែម្តង។

ចំណាត់ការបន្ត : កម្លាំងជំនាញកំពុងស្រាវជ្រាវរក អត្តសញ្ញាណជនសង្ស័យ និងម្ចាស់រថយន្តខាងលើ យកមកចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញ សារព័ត៌មានជ្រាបតាមការគួរ!

 

ផ្សាយ:ថ្ងៃទី​៤ ខែមីនា​ ឆ្នាំ២០២៥

ប្រភព​:ស្នងការ​នគរបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង