សមាជិកគណ​:អចិន្ត្រយ៍​ នៃគណបក្សខេត្ត​បាកលីវ​ លោក​ ត្រា​ទ្រុងយុង”​ ចំណង់មិត្តភាពរវាងខេត្តព្រះសីហនុ និងខេត្តបាលីគឺមិនកែប្រែ “ថ្លែងក្នុងពិធីជំនួបជូនពររបស់គណៈប្រតិភូខេត្តបាកលីវ (វៀតណាម) ជូនថ្នាក់ដឹកនាំខេត្ត ព្រះសីហនុ ក្នុងឱកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥​ នាព្រឹកថ្ងៃទី​៩ ខែមេសា​ ឆ្នាំ២០២៥​។

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃទី​៩ ខែមេសា​ ឆ្នាំ២០២៥​ លោក​ សុខ​ ភា​ អភិបាលរង​ខេត្ត​ព្រះសីហនុ​ តំណាង​ឯកឧត្តម​ ម៉ាង​ស៊ីណេត​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​អញ្ជើញ​ជួប​ និងជូនពរគណៈប្រតិភូខេត្តបាកលីវ (វៀតណាម) ថ្នាក់ដឹកនាំខេត្ត ព្រះសីហនុ ក្នុងឱកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥​ ដោយមានការអញ្ចេីញចូលរួមពី នាយករងរដ្ឋ​បាលខេត្ត​ ស្នងការ​រងនគរបាល ខេត្ត​ មេបញ្ជាការ​រង​តំបន់សឹករង​ ប្រធាន​មន្ទីរ​ និង​ គណ:ប្រតិភូមកពីខេត្តបាកលីវជាច្រេីនរូបទៀត ពិធីជំនួបជូនពរនេះធ្វេីឡេីងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តជាន់ទី១ ស្ថិតនៅ​សង្កាត់១ ក្រុង​ព្រះសីហនុ​។

ឆ្លៀត​ក្នុង​ឱកាសនោះ​ លោក​ សុខ​ ភា​ អភិបាលរង​ខេត្ត​បានសង្ខេបអំពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពល អភិវឌ្ឍន៍ខេត្តព្រះសីហនុ ជូនដល់គណ:ប្រតិភូបាកលីវដូចតទៅ៖

ខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានចំងាយ ២៣០គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ។ ខេត្តព្រះសីហនុ គ្របដណ្តប់លើផ្ទៃដីសរុប ២.៦៥៩គីឡូម៉ែត្រក្រឡា ចែកចេញជា៣ក្រុង ៣ ស្រុក ស្មើនឹង១៨ឃុំ-១១សង្កាត់ និង១១១ភូមិ មានប្រជាជនប្រមាណ ៣១ម៉ឺននាក់ ស្មើនឹង ៥៨.១១៧ គ្រួសារ។

ខេត្តព្រះសីហនុ ជាខេត្តសំបូរដោយធនធានធម្មជាតិរួមមាន៖ កោះតូច-ធំចំនួន៣២ ថ្មដុះ ចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិលើ គោក ឧទ្យានជាតិបាតសមុទ្រ (ដែលមានសត្វសមុទ្រ ស្មៅសមុទ្រ មច្ឆសមុទ្រ និងផ្កាថ្ម ដ៏ស្រស់ស្អាត) និងមានឆ្នេរសមុទ្រប្រវែង១៧៥,៨១គីឡូម៉ែត្រ រួមទាំងជីវៈចម្រុះគ្រប់ប្រភេទដែលជាកត្តាសក្តានុពល សម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ ប្រកបដោយប្រជាប្រិយភាពដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ លាននាក់មកទស្សនា សម្រាក កម្សាន្ត ក្នុងមួយឆ្នាំៗ ដែលត្រូវប្រសិទ្ធនាមថា «តារារះនាទិសនិរតី»។

វិស័យដែលមានសក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅ ជាងគេក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានផលិតផលសរុបចំនួន ១.៦១៦,៧ លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP per capita) ចំនួន ៤.៦០២ដុល្លារ អាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២%។ ជាមួយនឹងសក្តានុពល និងសោភណភាពនៃឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ បានចូលជា សមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក ក្នុងឆ្នាំ២០១១។ លើសពីនេះ បច្ចុប្បន្នរាជ រដ្ឋាភិបាល បានជ្រើសរើសយកខេត្តព្រះសីហនុ អភិវឌ្ឍន៍ទៅជាខេត្ត “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង” សំដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌល ភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងជាមជ្ឈមណ្ឌល ឧស្សាហកម្ម ផលិតកម្ម បែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងការការពារ និងថែរក្សាបរិស្ថាន។

ខេត្តព្រះសីហនុ ក៏ជាច្រកចេញ-ចូលអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារមាន អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែស្វយ័តអន្តរជាតិ ប្រព័ន្ធផ្លូវគោក និងផ្លូវដែក (គឺមានទាំងផ្លូវទឹក ផ្លូវ គោក និងផ្លូវអាកាស)។

១.ផ្លូវទឹក៖ ខេត្តមានកំពង់ផែសមុទ្រអន្តរជាតិ ចំនួន៣ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិស្ទឹងហាវ (កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ) និងកំពង់ផែ ឧកញ៉ា ម៉ុង ឬទ្ធី កែវផុស។

២. ផ្លូវអាកាស៖ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុបាននឹងកំពុងតែពង្រីក ឱ្យក្លាយទៅ ជាច្រកចេញចូលអន្តរជាតិដ៏ទំនើប4E (Boeing 747/ Air Bus 380) ដែលមានផ្លូវរត់ប្រវែង ៣៣០០ម និងបានសាងសង់ស្ថានីយ៍អ្នកដំណើរថ្មី សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយ នឹងពិភពលោក ឱ្យកាន់តែមានប្រសិទ្ធភាព ដែលនឹងបញ្ចប់នៅឆ្នាំ២០២៧។

៣. ផ្លូវដែក៖ រាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ មានប្រវែង ២៦៦km (កាត់តាម រាជធានីភ្នំពេញ កណ្តាល តាកែវ កំពត កែប និងខេត្តព្រះសីហនុ)។

៤. ផ្លូវគោក (ការតភ្ជាប់ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ)៖

– ផ្លូវជាតិលេខ ៣ តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ មានប្រវែង ២៦០km

– ផ្លូវជាតិលេខ ៤ តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ មានប្រវែង ២៣០km (កាត់តាម រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ)

– ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ មានប្រវែង១៨៧ គីឡូម៉ែត្រ គ្របដណ្តប់លើផ្ទៃដីខេត្តព្រះសីហនុ ប្រវែង៩០ គីឡូម៉ែត្រ (ផ្លូវនេះបានបើ ការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩)

ជាពិសេសកំពង់ផែសមុទ្រទឹកជ្រៅ ដែលរាជរដ្ឋាភិបាលបានសាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅ ថ្មីជំហានទី១ និងគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យកម្ពុជា មានសមត្ថភាពដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់ប ណ្តាកំពង់ផែទូទាំងពិភពលោក។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះ សីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន១លានTEUs ។ ទាំងនេះសុទ្ធតែជាការចូលរួមចំណែក ដល់ការអភិវឌ្ឍ ខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដើម្បី អាចក្លាយជាក្បាលម៉ាស៊ីនស្នូលថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។

លោក​ ត្រា​ទ្រុងយុង​ សមាជិកគណ​:អចិន្ត្រយ៍​ នៃគណបក្សខេត្ត​បាកលីវ បានធ្វេីការកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍​ និងភាពរីកចំរេីនរបស់ខេត្តព្រះសីហនុ លោក ខេត្តបាកលីវ​ និង ខេត្តព្រះសីហនុ​ក្នុងព្រះរាជាណាចក្រកម្ពុជា​គឺមានលក្ខណ:ដូចគ្នា​ លោកបានផ្តាំផ្ញេីដល់រដ្ឋបាលខេត្តព្រះសីហនុ ទៅធ្វេីការទស្សន:កិច្ចខេត្តរបស់លោកជាពិសេស ទស្សនកិច្ច​វាលវាយោអគ្គីសនី កន្លែងផលឹតថាមពលសូឡា តំបន់ទេសចរណ៍នានា និងថាមពលថ្មីអុីដ្រូបៃតងក្នុងខេត្តរបស់លោក.

លោកបន្ថែមទៀតថាចំណង់មិត្តភាពរវាងខេត្តព្រះសីហនុ និងខេត្តបាកលីវមានរយ:ពេលយូរឆ្នាំមកហេីយគឺចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដូច្នេះចំណង់មិត្តភាពរបស់ខេត្តទាំងពីរគឺមិនអាចកែប្រែនោះទេ.បន្ទាប់មកគណ:ប្រតិភូទាំងពីរបានជូនពរ និងប្រគល់ជូននូវវត្ថុអនុស្សាវីរយ៍ទៅវិញទៅមក.

 

ផ្សាយ​:ថ្ងៃទី​៩ ខែមេសា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ​ វាសនា(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង