លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ សហការជាមួយតំណាងមន្ទីរសាធារណការខេត្ត ដឹកនាំកម្លាំងចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក.
(ខេត្តព្រះសីហនុ)៖នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងសហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តតាស៊ី រថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ជូនទំនិញ នៅចំណតរថយន្តមហោស្រពចាស់ ស្ថិតនៅសង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ។
នៅក្នុងឱកាសនោះ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានណែនាំថាសុវត្ថិភាពក្នុងការបើកបរយានយន្តលើដងផ្លូវត្រូវការគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរបញ្ច្រាស់ទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ មិនត្រូវបើកបរហួសល្បឿនកំណត់ មិនបើកបរក្នុងស្ថានភាពស្រវឹង ឬងងុយដេក ជៀសវាងពីការប្រើប្រាស់គ្រឿងញៀន ជាដាច់ខាត ជាពិសេសពេលថ្ងៃឈប់
សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមស្នេីរបងប្អូនទាំងអស់គ្នា ជួយផ្សព្វផ្សាយបន្តដល់អ្នកបើកបររថយន្តទាំងអស់ បើកបរដោយការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕
ជាចុងក្រោយ លោកវរសេនីយទោ នី ចាន់ណារ៉ាក៏ជូនពរបងប្អូនអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ សូមជួបតែសំណាងល្អ និងមានសុវត្ថិភាពគ្រប់ពេលធ្វេីដំណេីរទៅមកក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ.
ផ្សាយ:ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)