ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចុះពិនិត្យដំណើរការសាងសង់អគារស្នាក់នៅរបស់មន្ត្រីនគរបាលជាតិ និងបានឧបត្ថម្ភអំណោយជូនដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួន ២២៤នាក់ ចុងភៅ ចំនួន ៥នាក់ អ្នកអនាម័យ ចំនួន ៧នាក់ និងជាងសំណង់ ចំនួន ៣០នាក់ សរុបចំនួន ២៧០នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ និងទឹកក្រូច ចំនួន ១កេស។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករ បម្រើការងារនៅប្រទេសថៃ អញ្ជើញវិលត្រលប់មកកម្ពុជាវិញដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយក្រុមគ្រួសារ ផងដែរ៕