ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញកិច្ចប្រជុំត្រួតពិនិត្យគម្រោងឃុំ-សង្កាត់ លើការប្រើប្រាស់មូលនិធិរ៉ែ.
(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងឃុំ-សង្កាត់ លើការប្រើប្រាស់មូលនិធិរ៉ែដែលកិច្ចប្រជុំនេះ បានរៀបចំឡើងនៅសល់ប្រជុំសាលាខេត្តដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១៣។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការត្រួតពិនិត្យទៅលើបញ្ជីគម្រោងដែលបានស្នើឡើងតាមបណ្តាឃុំ-សង្កាត់ របស់រដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីធ្វើការសម្រេចឯកភាពគាំទ្រ ព្រមទាំងបានផ្តល់ជាមតិយោបលណែនាំបំពេញបន្ថែមទៀត ទៅលើចំណុចខ្វះខាតមួយចំនួនរបស់គម្រោងដែលបានស្នើឡើង សំដៅ
ជួយជំរុញធ្វើឲ្យគម្រោងទាំងនោះកាន់តែទទួលបានការគាំទ្រ ពីក្រសួងរ៉ែ និងថាមពលនៅពេលឡើងការពារគម្រោងរបស់ខ្លួននាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុកត្រូវរៀបចំបញ្ជីបានស្មានតម្លៃគម្រោងឲ្យបានត្រឹមត្រូវ និងសមស្រប និងត្រូវដឹកនាំអាជ្ញាធរឃុំ-សង្កាត់ ការិយាល័យអប់រំ ពិភាក្សាអំពីការសាងសង់ និងជួសជុលកែលម្អសាលារៀន នៅតាមមូលដ្ឋានដែលមានការចាំបាច់ ដើម្បីការពារគម្រោងឲ្យទទួលគាំទ្រ អាចយកមកអភិវឌ្ឍន៍ចេញជាសមិទ្ធផលឆ្លេីយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរ៉ែ និងថាមពលខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្ទីរផែនការ ត្រូវជួយពិនិត្យគម្រោងដែលបានមកពីមូលនិធិរ៉ែ ឆ្នាំ២០២៥ ឲ្យបានច្បាស់លាស់រៀបចំធ្វើជាតារាងឲ្យមានលក្ខណៈទិន្នន័យស៊ីគ្នាសមស្របទៅតាមទំហំជាក់ស្ដែងរបស់គម្រោងនីមួយៗ ត្រូវមានបច្ចេកទេសត្រឹមត្រូវធានាគុណភាព នឹងត្រូវមានបញ្ជីបានស្មានតម្លៃឲ្យបានសមស្របផងដែរ ងាយស្រួលក្នុងការឡើងការពារគម្រោងទទួលបានជោគជ័យ។ ជាពិសេសគ្រប់គម្រោងទាំងអស់ អាជ្ញាធរមន្ទីរពាក់ព័ន្ធ ត្រូវខិតខំជំរុញការអនុវត្តគម្រោងក្នុងឆ្នាំ២០២៥នេះ ឲ្យបានតាមការឯកភាពគ្នាក្នុងកិច្ចប្រជុំនាថ្ងៃនេះ ហើយក៏ត្រូវតែត្រៀមលក្ខណៈទុកជាមុនសម្រាប់គម្រោងនៅឆ្នាំបន្តបន្ទាប់ទៀតឲ្យមានភាពរលូន និងល្អប្រសើរថែមទៀត ឆាប់រហ័សទាន់ពេលវេលា។
ផ្សាយ:ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)