ភ្ញាក់ផ្អើល៖ ជនជាតិវៀតណាម ដែលជាម្ចាស់សង្វៀនជល់មាន់ វ៉ៃជនជាតិខ្មែរ ផ្អើលពេញកាស៊ីណូ សង្ស័យកុងគ្នារឿងលេងល្បែង

ខេត្តកណ្តាល៖ នៅវេលាម៉ោង១៧:៤០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចកាស៉ីណូ យីហោ «កាឡាក់ស៉ី» ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មានករណីដ៏ភ្ញាក់ផ្អើល បន្ទាប់ពីបែកធ្លាយករឿងហិង្សា ដែលបង្កដោយបុរសជនជាតិវៀតណាម មានតួនាទីជាម្ចាស់សង្វៀនជល់មាន់ បានប្រើហិង្សាវាយជនជាតិខ្មែរ ចំនួនពីរនាក់ បណ្តាលឲ្យរបួស និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍ដ៏រញ៉េរញ៉ៃមួយនេះបានកើតឡើង បន្ទាប់ពីជនសង្ស័យនិងជនរងគ្រោះ ប្រកែកគ្នារឿងចចារយកមាន់ពីវៀតណាម មកជល់ រួមនឹងរឿងលុយដែលខ្ចីគ្នាចំនួន​ ១លានរៀល ហើយប្រកែករហូតដល់តឹងសរសៃក ដាក់គ្នា ទើបឈានដល់ការប្រើហិង្សា វាយក្បាលគ្នាផ្អើលដល់សមត្ថកិច្ច។

ជនដៃដល់មានឈ្មោះ ង្វៀង​ ប៊ិន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជនជាតិវៀតណាម​ រស់នៅភូមិឃុំកេីតហេតុ​ មុខរបរ​ មេការកាស៉ីណូ រួមនឹងបក្សពួកប្រមាណជា ៧-៨នាក់ បានប្រើហិង្សាវាយជនជាតិខ្មែរ ដែលគេដឹងថាជាម្ចាស់សង្វៀនជល់មាន់ប្រចាំស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ទី១- ស្រៀ​ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្ដាល​ និងទី២- ឈ្មោះ​ ម៉ុន​ វណ្ណា​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិលេខ១​ សង្កាត់ស្វាយរលំ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​។

ប្រភពព័ត៌មាន ដែលសារព័ត៌មានទទួលបាន បញ្ជាក់ថា៖ ជនជាតិខ្មែរ ដែលជាជនរងគ្រោះគឺជាម្ចាស់សង្វៀនជល់មាន់ ប្រចាំស្រុកស្អាង ខេត្តកណ្តាល។ ហើយករណីនេះគេសង្ស័យថា ប្រហែលជាផ្ដើមចេញពីការលេងល្បែងចាញ់ ជំពាក់លុយ និងកុងគ្នារឿងបើកលេងល្បែងស៊ីសងជល់មាន់។

ចំពោះករណីហិង្សានេះ ជនដៃដល់ ហើយនិងជនរងគ្រោះ ក៏បានអួតអាង ដំឡើងស្លាប់ និងគំរាមកំហែងដាក់គ្នា ដោយបោះពាក្យសម្ដីថាខ្លួនមានមេរបស់ខ្លួនប្រចាំស្រុកកោះធំ ហើយម្ខាងទៀតប្រចាំស្រុកស្អាង។ តែរហូតមកទល់ពេលនេះនៅមិនទាន់មានមេធំណាម្នាក់ហ៊ានចេញមុខមកដោះស្រាយនោះទេ។

យ៉ាងណាមិញមហាជនជាច្រើន បានលើកឡើងថា ករណីនេះគឺផ្ដើមចេញពីការលេងល្បែងភ្នាល់ ទើបបណ្តាលឲ្យមានការខ្ចីលុយ ជំពាក់លុយមិនសងទើបឈានដល់វាយតប់គ្នា។

បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួន និងកសាងសំណុំរឿងបញូនមកស្នងការនគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានដែលជាប់ទាក់ទង